(សៀមរាប)៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២២នេះ មានបើកកិច្ចប្រជុំត្រួតពិនិត្យ ពីលទ្ធផលនៃយុទ្ធនាការចុះបង្រ្កាបបទល្មើសជលផល និងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងសមាជិក អនុគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបខេត្ត។

លោក ទៀ សីហា បានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគន្លឹះជាច្រើនដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសជំរុញដល់សេដ្ឋកិច្ចជាតិឲ្យមានការរីចម្រើនលើគ្រប់វិស័យ។ ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត លោកក៏បានលើកបញ្ហាដែលមានលក្ខណៈស្មុគស្មាញមួយចំនួន ដែលគណៈបញ្ជាការឯកភាពខេត្តសៀមរាបត្រូវបន្តពង្រឹងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ត្រូវបានរដ្ឋបាលខេត្តសៀមរាប បានអនុវត្ត និងចាត់វិធានការមួយចំនួនផងដែរ។ បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការយ៉ាងយកចិត្តទុកដាក់។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយបានលើកឡើងថា ក្នុងខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ បានធ្វើការបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាបក្នុងទឹកដីខេត្តសៀមរាប បានចំនួន១១ករណី ក្នុងនោះ១០ករណី បំផ្លាញចោល និង ១ករណីបញ្ជូនទៅសាលាដំបូង ។ ការដាំកូនឈើ ឡើងវិញលើដីព្រៃលិចទឹក បានចំនួន ២០ពាន់ដើម ស្មើ ៣៥ហិកតា និង បង្ក្រាបបទល្មើសព្រៃឈើ មាន ០៤ករណី។

លោក ណៅ ធួក ក៏បានសាទរ និងឯកភាពទៅលើលទ្ធផលនៃរបាយការណ៍លើកឡើង ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាបាល របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំក្រុមការងារនីមួយៗត្រូវបានដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យនិងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុងស្រុកទាំង៦របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់។ លោកបានបន្តទៀត ក្នុងការចុះពិនិត្យពីសកម្មភាពនៅបឹងទន្លេសាទ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលបានកំពុងឈរជើងនៅ តំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ព្រមទាំងបានពិនិត្យនូវរាល់ឧបករណ៍នេសាទរបស់ប្រជានេសាទទៀតផង ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ក្នុងកិច្ចប្រជុំ ដោយបានលើកឡើងថា រាល់ឧបករណ៍នេសាទដែលខុសច្បាប់ ក្រុមការងារត្រូវដកហូត ឬកំទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទស្របតាមការកំណត់របស់រដ្ឋបាល ជលផល តែលើសពីការកំណត់ប្រវែង ក៏ត្រូវធ្វើការដកហូតផងដែរ។ ម៉្យាងទៀរដូវបិទនេសាទនឹងចូលមកដល់នៅខែខាងមុខ ដែលត្រូវកម្លាំងចម្រុះនិងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ផងដែរ។

លោកបានបញ្ជាក់ថា រាល់ដីដែលតំបន់លិចទឹកដែលរដ្ឋបានអនុញ្ញាត និងឆ្វៀលឲ្យហើយនោះ គួរបងប្អូនប្រជាកសិករកែប្រែពីការធ្វើស្រែប្រាំង មកធ្វើការដាំដុះដើមឬសី្ស ដែលផ្តល់នូវចំណូលខ្ពស់ជាងការធ្វើស្រែប្រាំង មិនចំណាយទុនច្រើន និងបានផ្តល់នូវជម្រកត្រីពងកូន ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានបឹងទន្លេសាប ដោយការប្រើប្រាស់ថ្នាំគីមី៕