(សូរិក-ស្វីស)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងសូរិក ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកមីញនេះ បានផ្ញើសារតាមបណ្តាញតេឡេក្រាមជូនជនរួមជាតិ បញ្ជាក់ពីការបិទបញ្ចប់បេសកកម្មដ៏មានសារៈសំខាន់ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស និងការត្រៀមត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សម្តេចតេជោ បានបញ្ជាក់ថា តាមការគ្រោងទុកសម្តេចអាចនឹងហោះមកដល់ប្រទេសកម្ពុជានៅក្រោយម៉ោង៦ព្រឹកថ្ងៃទី២៦ ខែឧសភា។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុប ដែលបានអញ្ជើញទៅទទួល និងសំណេះសំណាលជាមួយសម្តេចនៅក្រុងហ្សូរិច។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអញ្ជើញទៅស្វាគមន៍របស់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅអឺរ៉ុបនោះ គឺជាការបង្ហាញឱ្យឃើញនូវការគាំទ្រសម្តេច គាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអាចនឹងធ្វើដំណើរទៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមកិច្ចប្រជុំ និងអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចនឹងប្រឹងប្រែងក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប។ សម្តេចតេជោ បានថ្លែងថា ពេលអញ្ជើញទៅក្រុងព្រុចសែល សម្តេចនឹងឆ្លៀតជួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបជាបន្តទៀត។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចរឿងសប្បាយរីករាយចំនួន៣នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ រឿងទាំង៣នោះរួមមាន៖ ទី១៖ ការមិនមានឆ្លងជំងឺកូវីដ១៩ រយៈពេល ១៨ថ្ងៃជាប់គ្នា ខណៈអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យមានតែ៧នាក់, ទី២៖ ការនាំមកនូវមោទនភាពជាតិ តាមរយៈការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃកីឡាអាស៊ីអាគ្នេយ៍មួយនេះ និងការទទួូលបានមេដាយជាង ៦០គ្រឿង ពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម, រឿងទី៣៖ គឺដំណើរការទៅបានយ៉ាងល្អប្រសើរនៃការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមិនមានបាតុភាពហិង្សាណាមួយកើតឡើង៕