(ភ្នំពេញ)៖ ថ្លែងនៅក្នុងបទឧទ្ទេសពិសេសមួយ ក្រោមប្រធានបទ «ភាពក្រីក្រនៃការសិក្សា» លោក Toby Linden នាយកគ្រប់គ្រងវិស័យអប់រំ ប្រចាំតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានថ្លែងបញ្ជាក់ថា វិធានការឆ្លើយតបទៅនឹងភាពក្រីក្រនៃការសិក្សា អាចធ្វើឡើងដោយបង្កើតកម្មវិធីស្តារការសិក្សាឡើងវិញជាលក្ខណៈក្របខណ្ឌ ដែលមានសកម្មភាពគោលចំនួន៥។

សកម្មភាពគោលទាំង៥នោះរួមមាន៖ (១) ទៅឱ្យដល់កុមារគ្រប់គ្នា ហើយយកពួកគេចូលសាលារៀន (២) វាយតម្លៃកម្រិតសិក្សាជាប្រចាំ (៣) កំណត់អាទិភាពលើការបង្រៀនមូលដ្ឋានគ្រឹះ (៤) បង្កើនការសិក្សាឱ្យទាន់មេរៀន និងវឌ្ឍនភាពពីក្រោយអ្វីដែលបានបាត់បង់ និង (៥) អភិវឌ្ឍសុខភាពចិត្តសង្គម និងសុខុមាលភាពដើម្បី ធ្វើឱ្យកុមារគ្រប់គ្នាត្រៀមខ្លួនសម្រាប់រៀនសូត្រ។

លោក Toby Linden បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងបទឧទ្ទេសដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាច្រើននាក់ទៀតផងដែរ។

លោក Toby Linden បានបន្ថែមថា ជំងឺកូវីដ១៩ បានបង្កការរំខានដល់ការដំណើរការសាលារៀន។ បើតាមទិន្នន័យចង្អុលបង្ហាញពីការបាត់បង់ការសិក្សា នៅទូទាំងពិភពលោក នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក សាលារៀន បានផ្អាកជាបណ្តោះអាសន្នជាមធ្យម១៧៥ថ្ងៃ នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២០ និងខែកុម្ភៈ ឆ្នាំ២០២២។ មុនពេលមានជំងឺរាតត្បាតនេះ ៥៣%នៃកុមារនៅ១០ឆ្នាំក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមិន អាចអានអត្ថបទងាយៗ ហើយអត្រាភាពប្រសើរឡើងនៃការសិក្សានៅយឺតខ្លាំង។

លោកបានបន្ថែមថា ក្រោយជំងឺរាតត្បាតនេះ ភាពក្រីក្រនៃការសិក្សា អាចឈានទៅដល់កម្រិតខ្ពស់ រហូតដល់ជាង៧០%។ ករណីប្រទេសកម្ពុជា សិស្សដែលខ្វះសមត្ថភាពមូលដ្ឋានកើនឡើងពី ៣៤%ទៅ៤៥%សម្រាប់ភាសាខ្មែរ ហេតុនេះគឺត្រូវការវិធានការបន្ទាន់ដើម្បីធានាថា សិស្សក្នុង ជំនាន់នេះទទួលបាន ការអប់រំ ដែល ប្រសើរជាងជំនាន់មុនផងដែរ។

គួរបញ្ជាក់ថា លោក Toby Linden បានមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាក្នុងរយៈពេលមួយសប្តាហ៍ ដែលក្នុងដំណើរទស្សនកិច្ចនេះ លោក Toby Linden ក៏បានទទួលការអនុញ្ញាតចូលជួបពិភាក្សាគ្នាជាមួយលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេង ទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាគ្នាពីបទពិសោធន៍ល្អៗនៃការអនុវត្តការគ្រប់គ្រងនៅតាម សាលារៀននៅកម្ពុជា៕