(រតនគិរី)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តអាគារ A និងមានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

លោក ញ៉ែម សំអឿន ថ្លែងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។ លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះឲ្យបានកាន់តែល្អថែមទៀត ។

លោកក៏បានណែនាំដល់គណៈបញ្ជាការក្រុង/ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៉ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសគណៈបញ្ជាការក្រុង/ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឲ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្ត ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំអោយមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕