(កោះកុង)៖ លោក លឹម ឌី ប្រធានគណបក្សសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងក្រុមការងារបក្ស នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិកា គណបក្សចុះបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងណែនាំដល់សមាជិកបក្សក្នុងការគូសសន្លឹកឆ្នោត ពេលអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។

លោក លឹម ឌី បានថ្លែងថា ក្រោយពីប្រទេសកម្ពុជាជាតិឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមគ្រប់ជំនាន់ ខ្ទេចខ្ទី ប្រជាជនរស់ក្រោមការឈឺចាប់កាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែ ២០ថ្ងៃ តែបច្ចុប្បន្នភាពប្រទេសកម្ពុជាយើង មានសន្តិភាព មានសេរីភាព មានសុវត្ថិភាពមានធនធានមនុស្ស មានការអភិវឌ្ឍន៍ មានភាពរីកចម្រើនលើគ្រប់វិស័យ ថែមទាំងមានឈ្មោះល្បីលើឆាកអន្តរជាតិទៀតផង។

លោកថា សមទ្ធិផលទាំងអស់នៅទូទាំងប្រទេសកើតចេញពីស្នាដៃរបស់ណគបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាអ្នកដឹកនាំ និងជាគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា ដែលសម្តេចខិតខំលះបង់គ្រប់កាលៈទេសៈ មិនគិតពីភាពនឿយហត់ សម្តេចគិតតែស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ដើម្បីប្រជាជន និងប្រទេសជាតិ។

លោក លឹម ឌី បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលរកសន្តិភាព ស្ថិរភាពសុវត្ថិភាព និងភាពរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗ។ល។ ហើយប្រជាជនទូទាំងប្រទេសមានសេរីភាពពេញលេញ មានជីវភាពធូរធាក្នុងជីវភាពគ្រួសារមានសុខសុវត្តិភាព ជាពិសេសគណបក្សប្រជាជនការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងបរិបទកូវីដ១៩ដូចជា ការចាក់ថ្នាំវ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងក្មេងទាំងចាស់។

លោកបានបន្ថែមថា ដូច្នេះបងប្អូនទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព សេរីភាពសុវត្តិភាព។ ហើយកុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឲ្យសោះ៕