(បាត់ដំបង)៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់»

សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ នៅសណ្ឋាគារស្ទឹងសង្កែក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជកម្ម, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត និងមានការចូលរួមពីមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម មន្រ្តីពាក់ព័ន្ធក្នុងខេត្ត និងអាជីវករក្នុងខេត្តបានចូលរួមជាច្រើននាក់។

លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្ត បានសម្តែងអបអរសាទរ និងរួមកិច្ចសហការ ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ដែលប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជកម្ម និងរដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកា សភាពាណិជ្ជកម្មពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្ម បានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គង ក្នុងការធ្វើអាជីវកម្មផងដែរ។

លោកបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឲ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឲ្យបានទូលំទូលាយក្នុងការយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឲ្យមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុង បទប្បញ្ញត្តិច្បាប់ផ្សេងៗ។

លោក សុខ លូ បានថ្លែងថា ការប្រកបមុខរបររបស់ពាណិជ្ជករ អាវជីវករ នៃអាជីវកម្មរបស់ខ្លួនម្នាក់ៗ សូមឲ្យគោរពច្បាប់ទាំងអស់គ្នា ដើម្បីទប់ស្កាត់រាល់ទំនិញដែលលក់នៅលើទីផ្សារទាំងទំនិញប្រើប្រាស់ និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវធ្វើតាមបច្ចេកទេសទំនើបបែបធម្មជាតិ មិនត្រូវលួចដាក់លាយប្រភេទសារធាតុគីមីឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ជាមួយគ្នានេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជកម្ម បានឲ្យដឹងថា យោងតាមសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បន្ទាប់ពីច្បាប់ស្ដីពី វិនិយោគនៃព្រះរាជា
ណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើន មិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជា គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែល មានការិយាល័យសភាពាណិជ្ជកម្ម បានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្តផង។

លោក ម៉ៅ ថូរ៉ា បន្តថាសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» បានចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្តចំនួន១៧ ដោយទទួលបានការឩបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគារ វីង (ខេមបូឌា) ម.ក., ធនាគារព្រីនស៍ ម.ក, សហគ្រិនខ្មែរធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា ក្រុមហ៊ុន ភួ ពុយ អ៊ីនវេសមែន ឯ.ក ក្រុមហ៊ុនប៉ៃតងកម្ពុជា។

លោកថា សិក្ខាសាលានេះ ក៏មានការចូលរួមពីមន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹង ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាផងដែរ ដើម្បីចាប់ផ្តើមសហការ និងអនុវត្តបន្ត៕