(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស ខេត្តកំពង់ចាម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន និងនៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ចគ្រប់កាលៈទេសៈទាំងអស់។

ក្នុងជំនួបចាមួយសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំសូរគង និងឃុំរាយប៉ាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាសទាំងអស់ ព្រមទាំងបេក្ខជនមេឃុំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការបម្រើប្រពលរដ្ឋ និងអភិវឌ្ឍសហគមន៍បានប្រសើរក្នុងពេលកន្លងមក។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របេក្ខជនមេឃុំ មកពីគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ ដើម្បីឲ្យពួកគាត់ បានរួមសុខ រួមទុក្ខបន្តបំពេញភារកិច្ច និងបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុកកងមាស ធានាបាននូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ, ក្នុងភូមិ ឃុំ មានសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងទទួលខុសត្រូវចំពោះការអភិវឌ្ឍនៅមូលដ្ឋាន។

លោក ហង់ជួន ណារ៉ុន បានអះអាងថា គណបក្សប្រជាជន នឹងបន្តផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរ, មានប្រសិទ្ធភាព, និងលឿនជាងមុន ដើម្បីចូលរួមលើកស្ទួយជីវភាព, ការប្រកបរបរចិញ្ចឹមជីវិត និងការពារផលប្រយោជន៍របស់ប្រជាជន ជាពិសេសការបង្កើនការងារ ការពង្រីកមុខរបរ, ការងារកសិកម្មនិងផលិតកម្ម, និងការពង្រីកទីផ្សារនៅគ្រប់ឃុំ ក្នុងស្រុក កងមាស។

លោកសន្យានឹងបន្តជួយគាំទ្រឲ្យកាន់តែខ្លាំងថែមទៀតដល់ការរៀនសូត្ររបស់កូនចៅ និងក្មួយៗជាសិស្ស និងនិស្សិតទាំងអស់ឲ្យបានរៀនសូត្រនៅក្នុងអគារ សិក្សាល្អៗ, មានសម្ភារ បរិក្ខារគ្រប់គ្រាន់ និងមានឱកាសរៀនបន្តនៅមហាវិទ្យាល័យគ្រប់គ្នា ព្រមទាំងយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌ នៃការបំពេញការងារ និងជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ ឲ្យកាន់តែប្រសើរ ជាងមុន។

បន្ទាប់មក លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងក្រុមការងារ បានបន្តចុះសំណេះសំណាល និងបិទខិតប័ណ្ណនៅតាមខ្នងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ៕