(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិក-សមាជិកា និងអាជ្ញាធរក្នុងមូលដ្ឋានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់បាក់ទំនប់ចំនួន១៧៦គ្រួសារ នៅក្រុមហ៊ុនចម្ការចេកហ័ងអាញ់ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

លោក សេក ហៃ អភិបាលស្រុកកូនមុំ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅ មានករណីទឹកជន់លិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុមហ័ងអាញ់ តែមិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចម្ការចេកដោយសារក្រុមហ៊ុនបានស្តុបទឹកទុក ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាជនត្រឹមតែ២ម៉ោងប៉ុណ្ណោះ ទឹកក៏ស្រកទៅវិញអស់។ ភ្លាមៗនោះ អាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខួចខាតផ្ទះសម្បែងជាង១០០ផ្ទះ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។

លោក ញ៉ែម សំអឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ មិនត្រូវឱ្យពួកគាត់លេងទឹកដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសេរពិស និងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់ផងដែរ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១៧៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ មុង១ ភូយ១ សារុង១ ក្រមា១និងជែលលាងដៃ១ដប៕