(ភ្នំពេញ)៖ តើមានចម្ងល់ពាក់ព័ន្ធយានយន្តអគ្គិសនី (EV) មែនទេ? សូមដាក់សំណួរដោយផ្ទាល់ទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរយៈកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក (https://www.facebook.com/mpwt.gov.kh) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT LIVE SHOW) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចេញមុខបកស្រាយដោយផ្ទាល់លើចម្ងល់នានា លើប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា»។

កម្មវិធីនេះនឹងផ្សាយផ្ទាល់ចាប់ពីម៉ោង៩ ដល់ម៉ោង ១១ព្រឹក។ ប្រជាពលរដ្ឋអាចចោទជាសំណួរនានាទៅកាន់កម្មវិធីដោយផ្ទាល់ តាមរយៈទម្លាក់សំណួរចូលក្នុង Comment ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ។

សូមរង់ចាំតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់នេះ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់យានយន្តអគ្គិសនី ព្រមទាំងវឌ្ឍនភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីរួមចំណែកជួយបរិស្ថានតាមរយៈកាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ពីរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឬហ្គាស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីចំណេញទាំងបរិស្ថាន និងសេដ្ឋកិច្ចគ្រួសារ ដោយជួយសន្សំសំចៃលើការចំណាយរហូតដល់ទៅ៣ដង បើធៀបការប្រើរថយន្តដើរដោយប្រេងឥន្ធនៈ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំពុលក្នុងបរិយាកាសឱ្យបាន ២៧ភាគរយនៅឆ្នាំ២០៣០ ហើយឱ្យក្លាយទៅជាសូន្យនៅឆ្នាំ២០៥០។ ដូចនេះការប្រើប្រាស់យានយន្តអគ្គិសនីជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកអញ្ជូន បានអះអាងថា ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនេះ រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវកម្មវិធីជាច្រើន។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចយកពន្ធនាំចូលរថយន្តអគ្គិសនី ទាបជាងរថយន្តដើរដោយប្រេងឥន្ធនៈ។ រថយន្តដើរដោយប្រេងឥន្ធនៈតម្រូវឱ្យបង់ពន្ធប្រមាណ ១២០ភាគរយលើតម្លៃរថយន្ត ដោយឡែករថយន្តអគ្គិសនីបង់ពន្ធនាំចូលត្រឹម ៦៣ភាគរយប៉ុណ្ណោះ។

បន្ថែមពីលើនេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងប្រឹងប្រែងពង្រាយកន្លែងបញ្ចូលថាមពល ដែលជាចលករមួយជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនី។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នកន្លែងបញ្ចូលថាមពលនេះ មាននៅក្រសួងសាធារណការមួយទីតាំង នៅស្ថានីយប្រេងឥន្ធនៈកាល់តិចលើផ្លូវព្រៃសមួយទីតាំង នៅខេត្តព្រះសីហនុមួយទីតាំង ហើយពេលខាងមុខនឹងមាននៅខេត្តបាត់ដំបង និងសៀមរាប។ បន្ថែមពីលើនោះក្រសួងក៏បាននិងកំពុងពិភាក្សាជាមួយក្រុមហ៊ុនឯកជន វិនិយោគលើការបង្កើតកន្លែងបញ្ចូលថាមពលនេះ ហើយក្រុមហ៊ុន បានផ្តល់កន្លែងបញ្ចូលថាមពល ៤ទីតាំងសម្រាប់ក្រសួងផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានជជែករួចហើយជាមួយស្ថានីយប្រេងឥន្ធនៈនានា បង្កើតឱ្យមានកន្លែងបញ្ចូលថាមពលនៅតាមស្ថានីយប្រេងឥន្ធនៈ ដូចជានៅស្ថានីយប្រេងឥន្ធនៈកាលតិចលើផ្លូវព្រៃស។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឱ្យដឹងដែរថា នៅពេលខាងមុខរូបលោកមានគម្រោងជជែកជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារឱ្យជ្រើសយកម៉ូតូប្រើអគ្គិសនីសម្រាប់ការដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគតការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងនៅកម្ពុជា។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្នការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។ រយៈពេល៣ខែឆ្នាំ២០២២ មានការកើនឡើង ៧០០ភាគរយ បើធៀបនឹង ៣ខែឆ្នាំ២០២១ ដោយបានកើនពី ៧គ្រឿង រហូតដល់ ៤៧គ្រឿង៕