(ភ្នំពេញ)៖ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដរបស់ប្រទេសចិន គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំចិន។

ឯកឧត្តមពន្យល់ថា ប្រជាជនចិនមានចំនួនដ៏ច្រើនដូច្នេះ នៅពេលមានកន្លែងណាកើតមានករណីកូវីដ គឺត្រូវតែចាត់វិធានការភ្លាមៗ មិនអាចឲ្យរាលដាលកាន់តែខ្លាំងទេ ដោយឯកឧត្តម វាយតម្លៃបានថា គោលការណ៍នេះបានឆ្លើយតបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមទៀតថា យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដ របស់ប្រទេសចិន គឺមិនត្រឹមតែជួយការពារសុខាមាលភាព របស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាចង្វាក់នៃផលិតកម្ម សម្រាប់តម្រូវការរបស់ប្រជាជាតិដទៃទៀត លើពិភពលោក ពីព្រោះថា បើទោះបីជាក្នុងពេលដែលប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិនក៏នៅតែរក្សាបាននូវចង្វាក់ នៃការផលិតកម្មបញ្ចេញទំនិញទៅខាងក្រៅ នៅដដែល រួមមានទាំងវ៉ាក់សាំង និងសម្ភារវេជ្ជសាស្ត្រចាំបាច់ផ្សេងៗផងដែរ។

ជារួម ឯកឧត្តម ផៃ ស៊ីផាន យល់ឃើញថា យុទ្ធសាស្ត្រស្តីពីសូន្យកូវីដ អនុវត្តដោយប្រទេសចិននេះ គឺជាការគិតគូ ដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេសចិន សម្រាប់សេចក្តីសុខសាន្តរបស់ពិភពលោក គឺជាវិធានការគួរឲ្យគោរព និងមោទនភាព៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន