(ភ្នំពេញ)៖ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស នៃគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោកស្រី Carmen Moren ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោកស្រី Camilla Ottoson អនុប្រធានបេសកកម្មស្ថានទូតស៊ុយអែត លោក Roman Seldle អនុប្រធានបេសកកម្មស្ថានទូតនៃសាធារណរដ្ឋឆេក លោក Jost Kadle អនុប្រធានបេសកកម្មស្ថានទូតអាល្លឺម៉ង់ និង លោកស្រី Liselotte Dubois មន្ត្រីស្រាវជ្រាវស្ថានទូតសាធារណរដ្ឋបារាំង។

ជំនួបនេះបានធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣៖០០នាទីរសៀល ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាដោយត្រង់ទៅត្រង់មក អំពីបទពិសោធន៍នៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅអឺរ៉ុប និងនៅកម្ពុជា ពិសេសដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោក សួស យ៉ារ៉ា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សា និងការគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសរបបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្រោមម្លប់សន្តិភាព។ លើសពីនេះ លោក សួស យ៉ារ៉ា បានពន្យល់អំពីបុព្វហេតុប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរនយោបាយ និងតួនាទីរបស់កម្ពុជា នៅក្នុងអនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ាន ក្នុងការថែរក្សានូវអធិបតេយ្យ ឯករាជ្យភាព ក៏ដូចជាការចូលរួមចំណែកថែរក្សារនូវអព្យាក្រិតភាពរបស់អាស៊ាន។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ភាគីអឺរ៉ុបក៏បានយល់អំពីការពន្យល់របស់គណបក្សប្រជាជនកម្ពុជា លើការកសាងគោលនយោបាយ ការកសាងបក្ស ការដឹកនាំបក្ស ការចូលរួមរបស់យុវជន និងស្ត្រី ព្រមទាំងការពិភាក្សាជាបន្តបន្ទាប់នូវការតាក់តែងច្បាប់ទាំងឡាយ ដែលឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការរបស់ប្រជាជន។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ ឆ្លៀតក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីការព្យាករណ៍របស់គណបក្ស ទៅលើលទ្ធភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងអំពីតួនាទី និងសារសំខាន់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ព្រមទាំងមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គជប និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន៕