(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងបានចេញសេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សេចក្ដីណែនាំបានឲ្យដឹងថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជាបានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ រដ្ឋបាលខេត្តកោះកុងបានណែនាំដូចខាងក្រោម៖

១៖ ប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលរស់នៅក្នុងខេត្តកោះកុងត្រូវរួមសហការជាមួយរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

២៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរ អង្គភាព រួមជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

៣៖ មន្ទីរព័ត៌មានខេត្តត្រូវសហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនជូនដល់ប្រជាពលរដ្ឋខ្មែរជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព៕