(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំជីវភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌឬស្សីកែវ ប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅបន្តខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តនៅមន្ទីរគណបក្សខណ្ឌឫស្សីកែវ «គ៧៧»

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីតាមដានសកម្មភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ក៏ដូចជាកំណត់ទិសដៅ និងយុទ្ធសាស្ត្រល្អៗក្នុងការយកជ័យជំនះពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកដល់អង្គប្រជុំថា «បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ»

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គប្រជុំទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀត ក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នាជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្ស៕