(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន។

រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ, តំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានដាក់ចេញបទបញ្ជាក្តៅឱ្យអាជ្ញាធរពាក់ព័ន្ធ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើសកម្មភាពដកហូតដីព្រៃលិចទឹកបឹងទន្លេសាបស្ថិតក្នុងតំបន់អភិរក្សត្រឡប់មកវិញ បន្ទាប់ពីរកឃើញមានការកាប់ទន្ទ្រានយ៉ាងខ្លាំងក្លា។ ប្រតិបត្តិការរយៈពេលជាង ៣ខែ ផ្ទៃដីព្រៃលិចទឹក ស្ថិតក្នុងតំបន់អភិរក្សជិត ៩ម៉ឺន ហិកតា ស្ថិតក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ) ត្រូវបានដកហូតត្រឡប់មកវិញ។ បន្ថែមពីលើនោះ ក៏មានការវាស់វែងកំណត់ព្រំដី និងបានដាំឈើសម្រាប់ជាជម្រកត្រីឡើងវិញផងដែរ។

ក្នុងសារពិសេសស្តីពីការគ្រប់គ្រងដីបឹងទន្លេសាបនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការងារគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតទៅលើការងារពីរសំខាន់ គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ចង់បញ្ជាក់ថា សម្រាប់ដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះបីវានៅក្នុងតំបន់៣ ឬតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថាតំបន់នោះ កើតមានតាំងពីមុនពេលយើងកំណត់ក្របខណ្ឌតំបន់១ តំបន់២ តំបន់៣ទៅទៀត។ [...] ត្រូវតែឆ្វៀលចេញតំបន់២ក្តី តំបន់៣ក្តី ដែលប្រជាជនបានរស់នៅជាភូមិករមានទាំងសាលារៀន មានទាំងវត្តអារាមតាំងពីយូរយាណាស់មកហើយ។ មិនអាចចាត់ទុកថាតំបន់៣ ត្រូវតែបោសសំអាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះទេ»

សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ចំពោះដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងទៅនេះ ជាកម្មវត្ថុត្រួតពិនិត្យ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដោយកាត់ចេញពីតំបន់៣ ចូលមកតំបន់ពីរ ហើយឱ្យប្រជាពលរដ្ឋអាស្រ័យផល កាត់ចេញពីតំបន់២ ដាក់ចូលមកជាតំបន់១ ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកហើយថា ការកាត់ឆ្វៀលនេះ មិនអនុញ្ញាតឱ្យធ្វើលើដីទើបដកហូត និងកាប់ទន្ទ្រានថ្មីនោះទេ គឺអនុញ្ញាតឱ្យតែដីដែលប្រជាពលរដ្ឋបានធ្វើយ៉ាងហោចណាស់ ១០ឆ្នាំឡើងលើ ឬក៏អាចតិចជាងហ្នឹឹងក្នុងករណីដែលដីហ្នឹង វាមិនមែនជាដីលិចទឹក តែវាជាដីដែលគោករាក់មិនអាចស្តាបាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំព្រះករុណា ខ្ញុំ មិនចង់ឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំណាមួយ ហើយទៅទន្ទ្រានយកត្រឡប់មកវិញ ហើយទៅកាប់បន្ថែមនោះទេ។ [...] ហាមដាច់ខាតការកាប់បន្ថែមលើដីព្រៃលិចទឹក ហាមទៅយកមកវិញនូវដីដែលបានដាំដើមឈើក្នុងរយៈពេលកន្លងទៅនេះ»

ក្នុងសារសំឡេងនាព្រឹកមិញនេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរ ពីការសម្រេចកែសម្រួល និងកាត់ផ្ទៃដីចេញពីតំបន់អភិរក្សា។ ក្នុងនោះ ខេត្តកំពង់ធំ ផ្ទៃដី ១ម៉ឺន ១៤ហិកតា ត្រូវបានកាត់ចេញពីតំបន់២ បញ្ចូលទៅតំបន់១, ផ្ទៃដី ៦ពាន់ ៣៦៥ហិកតា កាត់ចេញចេញពីតំបន់៣ ចូលទៅតំបន់២។ បន្ទាយមានជ័យ ផ្ទៃដី ៥៨ហិកតា ១៦អា កាត់ចេញពីតំបន់៣ ទៅតំបន់២ ហើយខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី ៣,៤៤៨ហិកតា ចេញពីតំបន់៣ បញ្ចូលទៅតំបន់២។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យពិនិត្យមើលនៅតាមខេត្តដទៃទៀត ក្នុងការកាត់ឆ្វៀលដីចេញពីតំបន់អភិរក្ស ដោយអនុលោមតាមគោលការណ៍ដូចបានលើកឡើងខាងលើ គឺការកាន់កាប់ជាក់ស្តែងយ៉ាងហោចណាស់ចាប់ពី១០ឆ្នាំឡើងទៅ។

ក្នុងសារស្តីពីការគ្រប់គ្រងដីអភិរក្សបឹងទន្លេសាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបោះបង្គោលកំណត់តំបន់ដីនៅបឹងទន្លេសាបឡើងវិញ ដោយប្រើបង្គោលធំ ហើយមិនត្រូវឆ្ងាយពេកនោះដែរ។ សម្តេចតេជោ ក៏បានណែនាំឱ្យមានការស្តាបឹងទន្លេសាប ដែលជាកន្លែងគោរាក់ខ្លាំង ដោយមានការសិក្សាឱ្យបានច្បាស់លាស់៕