(កំពង់ធំ)៖ លោក ជូ កុល្លា ក្រុមការងារចុះមូលដ្ឋានឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចុះឃោសនាបោះឆ្នោត និងបង្ហាត់បង្ហាញអំពីការគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ ដែលគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១។

នាឱកាសនោះ លោកបានលើកឡើងថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ហើយផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាបានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សម្លាប់ របស់របបខ្មែរក្រហម ព្រមទាំងបានផ្លាស់ប្ដូពីប្រទេសដែលក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

លោកបានបន្តទៀតថា ពេលប្រទេសកម្ពុជារងគ្រោះដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួលការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ ដោយបានទទួលការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាល ទាន់ពេលវេលា សម្រាប់ការពារអាយុជីវិតប្រជាជន និងធ្វើឱ្យជីវភាពប្រជាជនមានលំនឹង និងប្រកបមុខរបរបានជាធម្មតា។

ទាំងនេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ-សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

លោក ជូ កុល្លា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ព្រមទាំងបានណែនាំទៅដល់ពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅការគូសសន្លឹកឆ្នោតជាពិសេសលើឡូហ្គោរបស់គណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កាជាសម្គាល់ ហើយសម្រាប់លេខរៀងរបស់គណបក្សប្រជាជននៅឃុំគោល គឺមានលំដាប់លេខរៀងទី១៕