(រតនគិរី)៖ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី តំណាងលោក សំ អឿន អភិបាលខេត្ត នៅព្រឹកទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចព្រៅចំនួន២ភូមិ គឺភូមិជួយ និងភូមិភ្លឺនធំស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង។

ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ថុល ឌីណា តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។

លោក លី ឧសភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី ខេត្តរតនគិរី បានឲ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព សហគមន៍ជនជាតិដើមភាគតិចព្រៅជូនដល់ភូមិជួយ និងភូមិភ្លឺនធំឃុំតាវែងលើ ស្រុកតាវែងនាពេលនេះមានប័ណ្ណសរុបចំនួន ៣៦ប័ណ្ណ ស្មើនឹង៣៦ក្បាលដី លើផ្ទៃដីចំនួន ៣,២០៩.១៣៨៥ហិកតា។

លោក មួង ប៉ាង បានចាត់ទុកប័ណ្ណកម្មសិទ្ធិ ដីធ្លីសមូហភាព គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យ សហគមន៍ទាំងមូលជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួនក្នុងការ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងរៀងៗខ្លួន។

លោកអភិបាលរងខេត្តបន្តថា ដីធ្លីដែលពលរដ្ឋបានចុះបញ្ជី ជាសមូហភាពនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ ដូច្នេះការចុះបញ្ជីជាលក្ខណៈសមូហភាព គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងធនធានធម្មជាតិ ក្នុងសហគមន៍ប្រកបដោយនិរន្តរភាព ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លីរវាងភូមិ និងភូមិជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានចំពោះជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះលោក មួង ប៉ាង ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះ ដោយការទទួលខុសត្រូវ និងតម្លាភាព និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចទាំងពីរភូមិ ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាពនៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ៕