(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួន ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង ១៩៖៣៥ នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួលពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរនិង ប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន១លើក ក្នុងលំនៅដ្ឋានម្ចាស់ផ្ទះ ឈ្មោះ ដួង សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់។

ប្រភពបានបន្តថាជនសង្ស័យទាំង ៤ នាក់ដែលកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនរួមមាន៖

* ទី១. ឈ្មោះ ដួង សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
* ទី២. ឈ្មោះ សូ ឧត្តមរាសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
* ទី៣. ឈ្មោះ ប៉ុញ សារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
* ទី៤. ឈ្មោះ ទី សំអូន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

ចំពោះវត្ថុតាងដកហូតរួមមាន ថ្នាំម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៣៧,៦៨ក្រាម ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
ម៉ូតូចំនួន ០២គ្រឿងទូរស័ព្ទដៃចំនួន ០៥គ្រឿងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕