(សៀមរាប)៖ យុវជន និងយុវតីប្រមាណ ៣៥នាក់ បានទទួលវគ្គបណ្តុះបណ្តាលបង្កើតអាជីវកម្ម ពីសហគ្រិននៅខេត្តសៀមរាប ដើម្បីក្លាយខ្លួនជាម្ចាស់អាជីវកម្មនាពេលថ្ងៃអនាគត។

ថ្លែងក្នុងឱកាសបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនភាពនៅខេត្តសៀមរាប និងកម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើងរដូវកាលទី២ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក ជា ស៊ុនសត្យា ប្រធានអភិវឌ្ឍន៍សហគ្រិនភាព នៃសហគ្រិនខ្មែរ បានលើកឡើងថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបណ្តុះបណ្ដាលយុវជនយុវតីជំនាន់ក្រោយ ដែលមានក្តីសុបិនចង់ក្លាយខ្លួនជាសហគ្រិន ប៉ុន្តែខ្វះខាតបទពិសធន៍ ខ្វះគ្រូណែនាំ និងខ្វះជំនាញ។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក៏ដើម្បីផ្តល់ការណែនាំ និងជាផ្នត់គំនិត ដល់យុវជនយុវតីដែលចង់ក្លាយខ្លួនជាសហគិន។ ម្យ៉ាងវិញទៀត បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលមួយខែនេះរួច ក៏នឹងទទួលបានការបណ្តុះបណ្តាលផ្នត់គំនិត ចំណេះដឹង ពីអ្នកជំនាញដោយផ្តល់ប្រឹក្សាចន្លោះពី ៤ខែ ទៅ ៦ខែ ដើម្បីឲ្យពួកគេយកចំណេះជំនាញទៅអនុវត្តន៍លើអាជីវកម្ម។

លោក ជា ស៊ុនសត្យា បន្តទៀតថា សហគ្រិនខ្មែរតាមរយៈសហគ្រិនសៀមរាប ក៏បានផ្តល់ថវិការខ្លះជាទុនសម្រាប់ពួកគាត់ ទៅសាកល្បងធ្វើអាជីវកម្មដែលពួកគេចង់បើកនៅតាមទីផ្សារ។ សហគ្រិនសៀមរាប នឹងធ្វើការវាយតម្លៃឲ្យពិន្ទុ និងមានតម្លាភាព ដោយមានអ្នកវាយតម្លៃមកពីគណកម្មាធិការក្រៅស្ថាប័នសហគ្រិនខ្មែរ។

យុវជន មួន សាមុន ដែលបានបញ្ចប់វគ្គសិក្សារយៈពេល១ខែ បានរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដែលចង់បើកអាជីវកម្មផ្ទាល់ខ្លួន។ ពួកគេអាចស្វែងយល់ពីអាជីវកម្មថា តើការបើកអាជីវកម្មត្រូវមានអ្វីខ្លះ និងត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីទទួលបានជោគជ័យ។

ចំណែកយុវតី អាំង ឧត្តមលក្ស្មី ក៏បានលើកឡើងមិនខុសពីយុវជន មួន សាមុន ប៉ុន្មានដែរ មូលហេតុដែលមករៀន នៅវគ្គបណ្តុះបណ្តាលពីសហគ្រិនភាពនេះ គឺចង់ស្វែងយល់ពីផ្នត់គំនិត អ្នកដែលជាសហគ្រិន គួរធ្វើបែបណា និងជួបការលំបាកអ្វីខ្លះ តើមុននឹងក្លាយជាសហគ្រិន ពួកគាត់ជួបប្រទះនឹងបញ្ហាអ្វី? យុវតីរូបនេះ ក៏បានក្រើនរំលឹកដល់យុវជនយុវតីដែលចង់ក្លាយជាសហគ្រិន ត្រូវចូលរួមវគ្គសិក្សាដែលមានការណែនាំបង្ហាត់បង្រៀនពីរបៀបរបបមុននឹងអាចក្លាយជាសហគ្រិនភាព ដែលមានការជោគជ័យ។

ជាមួយនេះដែរ លោកស្រី វៀល អេឡេន សហស្ថាបនិក សហគ្រិនសៀមរាប បានលើកឡើងថា ដោយមើលឃើញពីការអត់ការងាររបស់ប្រជាពលរដ្ឋ ដែលជាមគ្គុទេសក៍ និងជាងថតនៅមុខអង្គវត្ត ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទើបលោកស្រីបង្កើតកម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង។ ដូច្នេះសហគ្រិន មានចក្ខុវិស័យចង់ឃើញក្រុងសៀមរាប ជាក្រុងគំរូមួយ ដែលជាកន្លែងផ្ដល់ភាពកក់ក្ដៅដល់សហគ្រិន ឱ្យមានការរីកលូតលាស់ ព្រមទាំងគិតគូរពីសហគមន៍ និងបរិស្ថាន ជាកន្លែងដែលសហគ្រិនអាចផ្លាស់ប្ដូរនូវបទពិសោធន៍ ចែករំលែកនូវគំនិត និងភាពជោគជ័យ និងជាកន្លែងមួយដែលសហគ្រិនស្វែងយល់ពីខ្លួនឯង និងបង្កើតនូវអ្វីដែលអស្ចារ្យ។

លោកស្រី វៀល អេឡេន បានក្រើនរំលឹកដល់យុវជន យុវតី ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេលមួយខែនេះ សូមបន្តវគ្គសិក្សាបន្ថែមទៀត កុំទាន់បើកនូវអាជីវកម្មផ្ទាល់ខ្លួន ត្រូវធ្វើការសិក្សាជាមួយសហគ្រិន ដែលទទួលបានជោគជ័យយ៉ាងតិចក៏ពីរឆ្នាំទៅបីឆ្នាំ ដើម្បីស្វែងយល់ពីរបៀបរបបដែលសហគ្រិនជួបប្រទះបញ្ហា ត្រូវដោះស្រាយយ៉ាងណាទើបសហគ្រិនមានការរីកចម្រើន និងជោគជ័យ៕