(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទី៧ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ សម្រាប់ឃុំព្រះរំកិល ស្រុកបិរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានសកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា១០៣២នាក់ ក្នុងទឹកមុខសប្បាយរីករាយ បានទទួលស្វាគមន៍លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

ក្នុងពិធីនោះលោក ឡូយ សុផាត បានស្នើពលរដ្ឋទាំងអស់ងាកមករួមរស់កាន់ដៃជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព សិទ្ធិ សេរីភាព និងការអភិវឌ្ឍគ្រប់វិស័យ ឲ្យកាន់តែមានការរីកចម្រើន។

លោក ឡូយ សុផាត បានលើកឡើងពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង បានស្តារសេដ្ឋកិច្ច ឡើងវិញពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិមានការរីកចំរើនជាបន្តបន្ទាប់ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ គ្រប់ទីកន្លែង ហើយបានពាំនាំនូវវាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នា។

លោក ឡូយ សុផាត បន្តថា គណបក្សប្រជាជនកម្ពុជា រួមរស់ជាមួយប្រជាជន អភិវឌ្ឍភូមិឃុំឱ្យកាន់តែមានការរីកចំរើន តភ្ជាប់ផ្លូវ ស្ពានបានគ្រប់ទីកន្លែងពីទីក្រុងទៅជនបទជាបន្តបន្ទាប់ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន។

ក្នុងឱកាសដដែលនោះ ប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រជាជនកម្ពុជា មានភាពសប្បាយរីករាយជាមួយការសំណេះសំណាលរបស់ថ្នាក់ដឹកនាំ ហើយសន្យាបន្តកាន់ដៃជាមួយគណបក្សប្រជាជនកម្ពុជា រួមរស់ថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

លោក ចៅ មុន្នីរា ប្រធានក្រុមការងារបក្សចុះជួយឃុំព្រះរំកិល បានបង្ហាញពីការគូសសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា មានសញ្ញាទេវតាបាចផ្កាមានលេខរៀងទី១ ដល់សកម្មជន និងប្រជាពលរដ្ឋក្នុងអង្គពិធី៕