(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨២)។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៩៨៨នាក់ នៃសហគ្រាសទាំង១៥ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក»

ក្រសួងការងារបន្តថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

* ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
* ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួងបានរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា កម្មករនិយោជិតមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង១៥ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន។ ក្រសួង នឹងបន្តជូនដំណឹងដល់កម្មករសហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕