(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានពាក្យបណ្ដឹងចំនួន៣៣ ត្រូវបានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី ហើយបណ្តឹងភាគច្រើន គឺជាបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀនថា បានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជន គណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជា អ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ លោកបានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា៖ «ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកជាសំណួរពាក់ព័ន្ធនឹងបណ្តឹងទាំងនោះ, គ.ជ.ប បានឆ្លើយបញ្ជាក់ជូនថា ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀន ថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់»

ចម្លើយមួយទៀត គ.ជ.ប បានជម្រាបជូនថា រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្តឹង ហើយទោះបីពាក្យបណ្តឹងមានតិច ឬច្រើន ក៏បណ្តឹងនោះវាមិនធ្វើឱ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតទេ។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា ជាទូទៅគណបក្សនយោបាយចំនួន១៧ បានជូនដំណឹងអំពីការធ្វើសកម្មភាពឃោសនារបស់គណបក្សខ្លួននៅតាមឃុំ សង្កាត់ ដែលគណបក្សទាំងនោះបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ រយៈពេលឃោសនាបោះឆ្នោត ៦ថ្ងៃកន្លងមកនេះ ក្រៅពីសកម្មភាពហែក្បួនឃោសនា គណបក្សនយោបាយបានរៀបចំជាក្បួនតូចៗ ធ្វើដំណើរក្នុងឃុំ សង្កាត់ ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានសកម្មភាពជួបប្រជុំនៅលើទីតាំងក្នុងឃុំ សង្កាត់ ការចាក់មេក្រូនៅទីស្នាក់ការរបស់គណបក្ស និងមេក្រូចល័តក្នុងឃុំ សង្កាត់ ការចុះទៅជួបប្រជាពលរដ្ឋតាមផ្ទះ តាមទីសាធារណៈ ការចែកខិត្តប័ណ្ណ ការបិទផ្សាយនូវរូបភាព និងបដាស្តីពីគោលនយោបាយ និងសារនយោបាយរបស់គណបក្ស។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា គណបក្សនយោបាយទាំង១៧ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាពដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីឱ្យគណបក្សនយោបាយផ្សព្វផ្សាយ អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។ មុននឹងបិទបញ្ចប់កិច្ចប្រជុំ ក្នុងនាម គ.ជ.ប លោក ហង្ស ពុទ្ធា បានជម្រាបជូនថា គ.ជ.ប បានពន្យារពេលការចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

នេះជាកិច្ចប្រជុំលើកទី៧ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយសមាសភាពភាគីចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៦០នាក់ មកពីក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែន- រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕