(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានចេញមុខរិះគន់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថា កំពុងបង្កើតកំហុសធំៗចំនួន ខណៈដែលលោក កំពុងឃោសនឱ្យគណបក្សភ្លើងទៀន។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក មុត ចន្ថា បានលើកឡើងថា លោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀនមិនស្របច្បាប់ បានអួតអាងថា បក្សខ្លួនទទួលបាន «មធ្យោបាយមួយចំនួនពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប» ដើម្បីជាថ្នូរចូលរួមក្នុងការបោះឆ្នោត។ លោក សុន ឆ័យ បានបង្កើតកំហុសធំ៣គឺ ៖

*ទី១៖ ការអះអាងថា បានទទួលនូវ «មធ្យោបាយ» មានន័យដល់ថវិកា សម្ភារ រួមទាំងមធ្យោបាយដឹកជញ្ជូន។ មាត្រា ២៩-ថ្មី វាក្យខណ្ឌទី២ នៃច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ ហាមគណបក្សនយោបាយពីការទទួលវិភាគទានពីស្ថាប័នរដ្ឋបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហេរញ្ញប្បទានពីបរទេស។

*ទី២៖ បង្កើតឱ្យមានផលវិបាកផ្លូវច្បាប់ព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផ្ទាល់ បក្សភ្លើងទៀន ជាពិសេសស្ថាប័នរដ្ឋបរទេស ពីបទឃុបឃិត ឬត្រូវរ៉ូវជាមួយរដ្ឋបរទេស ដូចមានចែងក្នុងបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

*ទី៣៖ បង្កើតឱ្យមានការប៉ះទង្គិចផ្លូវទូត (diplomatic clash) ជាមួយស្ថាប័នរដ្ឋបរទេស តាមរយៈការចោទលាបពណ៌ និងមួលបង្កាច់ដោយគ្មានការពិត។

លោក មុត ចន្ថា បានបន្តថា យោងតាមអ្វីដែលយើងបានដឹង សហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប មិនបានបង្ខំ និងជម្រុញដល់គណបក្សនយោបាយណាមួយ រួមទាំងបក្សភ្លើងទៀន ឱ្យចូលរួម ឬមិនចូលនៅក្នុងការ បោះឆ្នោតណាមួយឡើយ ព្រោះវាជាសិទ្ធិស្វ័យសម្រេច និងសិទ្ធិអធិបតេយ្យរបស់បក្សនយោបាយ។

លើសពីនេះទៀត សហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងសហភាអឺរ៉ុប ព្រមទាំងបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន មិនបានផ្តល់ជំនួយសម្រាប់គាំទ្រដល់ការរៀបចំការបោះឆ្នោតទៅស្ថាប័នរៀបចំការបោះឆ្នោត និងមិនបានសុំចុះឈ្មោះជាអ្នកសង្កេតការបោះឆ្នោត និងធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោតឡើយ។ ពួកគេក៏មិនបានផ្តល់ការគាំទ្រ ជំនួយ ឬមធ្យោបាយដល់គណបក្សនយោបាយ ឬអ្នកនយោបាយ សម្រាប់ការចូលរួមបោះឆ្នោតខាងមុខឡើយ ព្រោះវាមិនមែនជាគោលជំហរផ្លូវការ និងពួកគេដឹងច្បាស់អំពីបញ្ញត្តិច្បាប់ជាធរមានដែលហាមឃាត់ផងដែរ។

លោកបានបន្តថា អ្វីដែលសហគមន៍អឺរ៉ុប និងតំណាងការទូតមួយចំនួនជួបតំណាងគណបក្សនយោបាយ គឺគ្រាន់តែស្តាប់ពីការវិវត្ត និងបរិយាកាសជុំវិញដំណើរការបោះឆ្នោត និងកត់ត្រាតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលលោក សុន ឆ័យ អះអាងដូច្នេះ គឺជាអំពើបំភ័ន្ត និងបន្លំ ក្នុងចេតនាភ្ជាប់ស្ថាប័នបរទេសថា គាំទ្របក្សខ្លួន ដើម្បីកេងចំណេញនយោបាយ ដោយមិនបានគិតដល់ផលវិបាក និងគ្រោះថ្នាក់ផ្លូវច្បាប់ទាំងខ្លួនឯង និងស្ថាប័នបរទេសដែលគេមិនដឹងរឿងអីទាល់តែសោះនោះ។ ទង្វើរបស់លោក សុន ឆ័យ ប្រៀបបានជាអំពើចាប់ជំរិតស្ថាប័នបរទេស ដើម្បីប្រយោជន៍ខ្លួន និងបក្សខ្លួន។

យើងជឿជាក់ថា ស្ថាប័នបរទេស ឬរដ្ឋបរទេសទាំងនោះមិនអាចទទួលយកអំពើចាប់ជំរិត ( blackmail) ដែលលោក សុន ឆ័យ កំពុងតែប្រព្រឹត្តនេះឡើយ៕