(កំពត)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រមប្រឹក្សា នៃអង្គចៅក្រម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត, លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាថ្មី នៃខេត្តកំពត ជំនួសលោក ឯក ឆេងហ៊ួត ដែលត្រូវផ្ទេរទៅជាព្រះរាជអាជា្ញអមសាលាដំបូងខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ព្រមទាំងប្រតិភូក្រសួងយុត្តិធម៌ ជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាដំបូងខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកអភិបាលខេត្តកំពត ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តកំពត តែងតែបានសហការជាមួយសាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។

លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ជាពិសេសជាមួយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនេះ ឲ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឲ្យវិស័យយុត្តិធម៌ទាំងមូល។

លោក កើត រិទ្ធ បានបន្តថា ក្នុងចំណោមការងារអាទិភាពជាច្រើន, បច្ចុប្បន្ន ក្រសួងយុត្តិធម៌ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ទាំងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្ម និងការបង្កើតវិជ្ជាជីវៈសន្ធានការី ដើម្បីបំពេញតួនាទី និងភារកិច្ចក្នុងការសម្របសម្រួលដោះស្រាយចំពោះវិវាទមួយចំនួនស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងការបង្ខិតយន្តការដោះស្រាយវិវាទឲ្យកាន់តែទៅកៀកប្រជាជន ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងសហគមន៍ និងមូលដ្ឋាន។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្ត ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតថ្មី លោក ជីវ ចាន់តារា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឲ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕