(រតនគិរី)៖ លោក សាយ សាមាន សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ឡាបានសៀក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សា សង្កាត់ បន្តចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ លេខរៀងគណបក្ស និងពីរបៀបគូសសន្លឹកឆ្នោតក្នុងសង្កាត់ឡាបានសៀក។

នៅក្នុងឱកាសនោះលោក សាយ សាមាន បានរំលឹកប្រាប់ប្រជាពលរដ្ឋពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅតាមមូលដ្ឋានក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន។

លោកបានលើកឡើងថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពិសេសក្រុងបានលុង ខេត្តរតនគិរីរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា»

លោកបានទទូចដល់ពលរដ្ឋ ត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្សដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

ជាមួយនឹងរដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានគណបក្សនយោបាយមួយចំនួន មិនបានធ្វើសកម្មភាពឃោសនាទេ តែគេធ្វើសកម្មភាពដើរខ្សឹប ដើរសន្យាបោកប្រាស់។ ត្រង់ចំណុចនេះ លោក សាយ សាមាន ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿឲ្យសោះ ព្រោះគ្រាន់តែថា គ្រាន់តែនិយាយ អ្នកណាក៏ចេះដែរសំខាន់លទ្ធផលជាក់ស្តែង។

បន្ថែមលើនេះទៀតលោក សាយ សាមាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលសន្យា មិនដែលរត់ចោលបងប្អូនរួមសុខទុក្ខជាមួយគ្នាលទ្ធផលកើតមានព្រោងព្រាតតាមភូមិសង្កាត់ ក្រុង ដូច្នេះបងប្អូនត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ឲ្យបានគ្រប់ៗគ្នាដើម្បីភូមិសង្កាត់មានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕