(បាត់ដំបង)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ដំណើរការបង្កើតសមាគមមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ» ដល់មន្ត្រីតំណាងមកពីមន្ទីរសង្គមកិច្ចរាជធានី-ខេត្ត ចំនួន៨ ដោយបញ្ចប់ដោយជោគជ័យ។

តំណាងមន្ទីរសង្គមកិច្ចរាជធានី-ខេត្តទាំង៨រួមមាន៖ បាត់ដំបង, សៀមរាប, កំពង់ធំ, ព្រៃវែង, បន្ទាយមានជ័យ, ស្វាយរៀង, ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ព្រមទាំងមានអង្គការក្រៅរដ្ឋាភិបាលចំនួន៣ គឺ YMCA, VSG និងអង្គការធម្មយាត្រា។

សិក្ខាសាលានេះបានចាប់ផ្តើមនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង, ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ បានធ្វើនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នាសណ្ឋាគារប្រេស៊ីដង់ ក្រុងបាត់ដំបង ក្រោមវត្តមានលោក ស៊ុន ហៀង អនុប្រធាននាយកដ្ឋានសុខមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច, លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង តំណាងលោក សុខ លូ អភិបាលខេត្ត, លោក វ៉ន ប៊ុនរ៉េត ប្រធានផ្នែកទំនាក់ទំនង និងស្វែងរកគាំទ្ រនៃអង្គការមនុស្សចាស់មន្រ្តីអង្គការមនុស្សចាស់, អង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមផងដែរ។

នាឱកាសនោះដែរ លោក វ៉ន ប៊ុនរ៉េត បានធ្វើរបាយការណ៍សរុបលទ្ធផល នៃការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ បានទទួលលទ្ធផលល្អដែលមានកិច្ចសហការ និងមានគ្រូឧទ្ទេសក្រសួងសង្គកិច្ច ធ្វើការសម្របសម្រួលដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។

លោក ផេង សិទ្ធី បានថ្លែងអរគុណដល់ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការមនុស្សចាស់ ដែលជាអង្គការដៃគូរបស់រាជរដ្ឋាភិបាល តែងតែបានជួយជ្រោមជ្រែងសម្រាលកិច្ចការសង្គមគ្រប់ជំនាញ និងបានកិច្ចសហអនុវត្តការការងារនេះឱ្យបាននៅស្ថិតស្ថេរយូរអង្វែងផង។ លោកបានបន្តថា «បើមនុស្សចាស់បង្រៀនមនុស្សក្មេង ជាការងាយស្រួល តែបើក្មេងបង្រៀនមនុស្សចាស់វិញ គឺជួបការលំពិបាកបន្តិចហើយ ដូច្នេះ យើងត្រូវអត់ធ្មត់បន្តិចទើបការងារអនុវត្តទៅបានសម្រេចជោគជ័យ»

វគ្គសិក្សានេះក៏បានបង្ហាញពីគោលបំណងផងដែរ អំពីកំណើននៃប្រជាជនវ័យចំណាស់នៅកម្ពុជា គឺជាបញ្ហាយ៉ាងសំខាន់មួយដែលត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែកត្រៀមបង្ការ និងឆ្លើយតបនូវរាល់បញ្ហាប្រឈមក្នុងកិច្ចការនេះនាពេលខាងមុខ។

យោងតាមស្ថិតិជំរឿនឆ្នាំ២០១៩ ស្មើនឹង ៧៨% នៃប្រជាជនសរុប (១៥.២៩លាននាក់) បច្ចុប្បន្នរស់នៅតំបន់ជនបទជាមួយនឹងសមាមាត្រខ្ពស់នៃមនុស្សចាស់។ តាមរយៈជំរឿននេះផងដែរ ប្រជាជនកម្ពុជាចំនួន ១.៣៨លាននាក់ (ស្នើនឹង៨,៩% នៃប្រជាជនសរុប) ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង៣ដងនៅឆ្នាំ២០៥០។

ប្រសិនបើកម្ពុជាមិនបានរៀបចំ និងត្រៀមការឆ្លើយតបឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ កម្ពុជាប្រឈមនឹងវិបត្តិនៅក្នុងសង្គមដែលមានមនុស្សវ័យចាស់ច្រើន និងត្រូវទទួលបន្ទុកដោះស្រាយបញ្ហាជាច្រើន ដូចជា៖ បញ្ហាសុខភាព សេដ្ឋកិច្ច សុវត្ថិភាពសង្គម និងបញ្ហាផ្សេងៗទៀត។ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការយកចិត្តទុកដាក់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ដោយបាននឹងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី២។

ស្របនឹងទិសដៅអាទិភាពនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ សមាគមនុស្សចាស់ (OPA) គឺជាអង្គការនៅថ្នាក់មូលដ្ឋានដែលធ្វើការដើម្បីសុខុមាលភាពរបស់មនុស្សវ័យចាស់ និងសហគមន៍របស់ពួកគេ។ ដោយទទួលស្គាល់សារៈសំខាន់នៃសមាគមនុស្សចាស់សម្រាប់ការអភិវឌ្ឍជនបទ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយកគំរូនេះក្នុងឆ្នាំ២០១៣ ហើយបានចេញគោលការណ៍ណែនាំថ្នាក់ជាតិ ដើម្បីបង្កើត និងគ្រប់គ្រងសមាគមនុស្សចាស់។

តាមរយៈរបាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៩ មកទល់ពេលនេះសមាគមមនុស្សចាស់ត្រូវបានបង្កើតឡើងនៅគ្រប់ឃុំ-សង្កាត់ ប៉ុន្តែការអនុវត្តសកម្មភាពនៅតាមសមាគមនីមួយៗ នៅមានដែនកំណត់ អាស្រ័យលើធនធាន សមត្ថភាព និងពេលវេលា ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងពេលថ្មីៗនេះ ជាឱកាសយ៉ាងល្អ ដែលអង្គការមនុស្សចាស់កម្ពុជា ទទួលបានថវិកាគាំទ្រមូលនិធិមកពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ ដើម្បីអនុវត្តន៍គម្រោងដែលមានឈ្មោះថា ការអភិវឌ្ឍន៍គំរូសហគមន៍ជួយខ្លួនឯងអន្តរជំនាន់ ដើម្បីជិវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលនឹងអនុវត្តនៅក្នុងរាជធានី-ខេត្ត ចំនួន៨ របស់កម្ពុជា។

ជាការបោះជំហានក្នុងការអភិវឌ្ឍនគម្រូសមាគមមនុស្សចាស់ ដែលជាគន្លឹះក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំជាតិនាពេលខាងមុខនេះអង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្កើតសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ ដើម្បីពង្រឹងមុខងាររបស់សមាគមមនុស្សចាស់ ដោយសកម្ម និងយូរអង្វែង ជាពិសេសចូលរួមក្នុងការដោះស្រាយនូវបញ្ហា ការស្វែងរកប្រាក់ចំណូល បញ្ហាសុខភាព សិទ្ធិ និងការទទួលបាន របស់មនុស្សចាស់ក្រុមងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ៕