(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយការងារកាត់ឆ្វៀលដីពីតំបន់២ មកជាតំបន់១ ចំនួន៣,៦០៩ក្បាលដី ស្មើនឹង១,៨១៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅឃុំត្នោតជុំ និងឃុំចុងដូង ស្រុកបារាយណ៍ មានចំនួន២៥៧ក្បាលដី ស្មើនឹង ៦៣៦គ្រួសារ និងឃុំតាំងក្រសាំង ឃុំជ្រាប់ និងឃុំកកោះ ស្រុកសន្ទុក មានចំនួន ៣.៣៥២ក្បាលដី ស្មើនឹង១,១៧៨គ្រួសារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះដែរលោក ងួន រតនៈ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ត្រូវកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង ព្រោះបឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ។

លោកបានលើកឡើងអំពីការកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីឯកជន នៅក្នុងតំបន់បឹងទន្លេសាប ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ អំពីបញ្ហាទាក់ទងទៅនឹងព្រំប្រទល់រវៀងដីតំបន់៣ និងតំបន់២ ហើយដីតំបន់២ ដែលជាតំបន់គ្រាន់តែអាចរស់នៅ និងអាស្រ័យផលតែប៉ុនណ្ណោះ ប៉ុន្តែមិនឱ្យមានសិទ្ធិចាត់ចែង និងលក់ដូរបានទេ។

ដោយទទួលបានព័ត៌មានពីអាជ្ញាធរឃុំ អាជ្ញាធរស្រុក ពាក់ព័ន្ធទៅនឹងទុក្ខកង្វល់សុវត្ថិភាពនៃការរស់នៅនិងអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងដីតំបន់២ រដ្ឋបាលខេត្តកំពង់ធំ បានពាំនាំនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកបណ្តិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងការកាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ ចំនួន ៩,១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោកអភិបាលខេត្តបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានលិខិតលេខ ២២៤ ស.ជ.ណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋ ដែលបានកំពុងរស់នៅ និងអាស្រ័យផល ជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ អាជ្ញាធរខេត្ត បានចាត់តាំងក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធចុះសិក្សាស្រាវជ្រាវ និងពិនិត្យឱ្យអស់លទ្ធភាពក្នុងការកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋពីតំបន់២ មកតំបន់១ ដើម្បីទទួលបានកម្មសិទ្ធិដីធ្លីដោយស្របច្បាប់។

បន្ថែមពីនេះ អភិបាលខេត្ត បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែជូនប្រជាពលរដ្ឋ ដែលមានជីវភាព (ក្រ១ ក្រ២) ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ចាប់ពីកុមារអាយុ ៣ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្វះខាតដី និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗ គ្នាដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ក្នុងមូលដ្ឋានដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យភូមិ ឃុំ មានការរីកចម្រើន។

ចុងក្រោយប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឱ្យពួកគាត់មានសិទ្ធិ ពេញលេញក្នុងការរស់នៅ និងអាស្រ័យផលជាពិសេសអាចផ្ដល់អំណោយឱ្យកូន ឬអាចលក់ដូរបាន៕