(ភ្នំពេញ)៖ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាធម្មនុញ្ញ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយទទួលដំណឹងថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច បានចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា ដោយព្រះជរាពាធ។

ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី ថៃ សត្ថិសុវី ខូរ៉ូលី ជាព្រះបុត្រី, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម សូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុត។ ការបាត់បង់ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច គឺជាការបាត់បង់ព្រះមាតាដែលពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់នៃបុត្រី ព្រមទាំងបងប្អូន កូនចៅ និងព្រះញាតិទាំងឡាយរបស់ព្រះអង្គ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាធម្មនុញ្ញ សូមបួងសួងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច យាងទៅសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕