(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី អ៉ិត សំហេង គូសបញ្ជាក់ថា នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា ព្រមទាំងបានកោតសរសើរសម្រាប់ការគាំទ្រពីប្រទេសស្វីស និងប្រជាជនរបស់ខ្លួនចំពោះការគាំទ្រដ៏សប្បុរសចំពោះកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីត្រូវបានធ្វើឡើងនាឱកាសខួប១០ឆ្នាំនៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ដែលត្រូវបានរៀបចំធ្វើឡើង នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅ Factory Phnom Penh។

លោក អ៉ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើនរួមទាំងឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងដំណាក់កាលទី២ «កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា» ដំណាក់កាលទី១ និងដំណាក់កាលទី២ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) និងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET ជាដើម។

តាមរយៈការគាំទ្រប្រទេសស្វីស និង SDC ក៏បានផ្តល់ជំនួយយ៉ាងច្រើនលើផ្នែកឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំយកបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសនានាមកជួយដល់កម្ពុជា។ SDC បាននិងកំពុងធ្វើការជាមួយដៃគូនានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតសម្រាប់ការគាំទ្រប្រទេសកម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលយុទ្ធសាស្ត្ររយៈពេល៤ឆ្នាំ ស្របតាមផែនការយុទ្ធសាស្រ្តជាអាទិភាពរបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាអាទិភាពខ្ពស់បំផុត ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង និងធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

លោកស្រី Helene Budliger Artieda អគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។

លោកស្រីលើកឡើងបែបនេះថា ការគាំទ្ររបស់ប្រទេសស្វីសនៅកម្ពុជា គឺដើម្បីរួមចំណែកដល់អនាគតនៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់។ ប្រទេសស្វីស ចូលរួមធ្វើការនៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណងពង្រឹងឡើងវិញនូវយន្តការ និងស្ថាប័នក្នុងតំបន់ ដូចជា អាស៊ានជាដើម។ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុកយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងតំបន់។ ប្រទេសស្វីស រង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន (ASEAN Sectoral Dialogue Partner)៕