(ពោធិ៍សាត់)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ជុំវិញព័ត៌មានដីតំបន់៣ ដើម្បីកាត់ឆ្វៀលដីជាង ៣ពាន់ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ និងប្រគល់ដីនោះជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង មុនឆ្នាំ២០១២ បានប្រើប្រាស់អាស្រ័យផលបន្ត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអបនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ក្រុមការងារក្នុងគណៈកម្មការ អនុគណៈកម្មការ និងអាជ្ញាធរស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាបមួយចំនួនទៀត។

សូមជម្រាបថា ដោយមានការស្នើសុំពីរដ្ឋបាលស្រុកចំនួន៣ ជាប់ផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់នោះលោក ស៊ុយ សែម, លោក កែវ រតនៈ និងលោក ជាវ តាយ បានគាំទ្រលើការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដោយសារកន្លងមកនៅក្នុងតំបន់៣នេះ ជាភូមិចាស់ ដែលមានសាលាឃុំ មណ្ឌលសុខភាព លំនៅឋានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ មុនការបង្កើតជាតំបន់៣ និងជាតំបន់ការពារ។

ផ្ទៃដីដែលត្រូវស្នើសុំគោលការណ៍កាត់ឆ្វៀល មានទំហំផ្ទៃដីសរុបចំនួន ៣,៤៤៨ហិកតា ៧៧អា ស្មើនឹង ១,៣៩៩ក្បាលដី មានចំនួន១,៦៥៨គ្រួសារ ក្នុងនោះ៖ ស្រុកក្រគរ ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១២២ហិកតា ៤៥អា ស្មើនឹង៤៣៨ក្បាលដី មានចំនួន៧០៦គ្រួសារ, ស្រុកកណ្តៀង ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៦៩ហិកតា ៧២អា ស្មើនឹង៥៩៤ក្បាលដី មានចំនួន៥៨៥គ្រួសារ និងស្រុកបាកាន ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប ១,១៥៦ហិកតា ៦អា ស្មើនឹង៣៦៧ក្បាលដី មានចំនួន៣៦៧គ្រួសារ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ក៏បានសម្រេចចេញអនុក្រឹត្យ កែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលបន្តផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរក្រុមការងារថ្នាក់ជាតិ ក្នុងខេត្តពោធិ៍សាត់ ដែលជាគំរូមួយទទួលស្គាល់ថា បានធ្វើការស្អិតរមួត ជាមួយប្រជាពលរដ្ឋ ស្របទៅតាមការដឹកនាំ និងការចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមឱ្យក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថែរក្សាដីដែលយើងបានដកហូតហើយនោះ ឱ្យនៅគត់មត់ កុំឱ្យមានប្រការផ្សេងៗមកជ្រៀតជ្រែក នាំឱ្យបាត់គុណសម្បត្តិ ដែលយើងបានខិតខំប្រឹងប្រែង ធ្វើការដោយលំបាកកន្លងមក៕