(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលឃោសនាបោះឆ្នោត និងដាក់ចេញនូវផែនការសកម្មភាព ការងារសម្រាប់អនុវត្តបន្តរហូតដល់ថ្ងៃបោះឆ្នោត ដើម្បីដណ្តើមជ័យជំនះឱ្យខាងតែបាន ជូនគណបក្សនិងប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាជន។

ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនាបោះ ឆ្នោតឃុំអាណត្តិទី៥ តាមបណ្តាមូលដ្ឋានឃុំទាំង០៨ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះលោក វង សូត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនឈរឈ្មោះទាំងពេញសិទ្ធិ និងបម្រុង សកម្មជន យុវជន និងក្រុមការងារគណបក្សគ្រប់លំដាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោតរហូតមកទល់នឹងពេលនេះ ទាំងការឃោសនា ប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត និងការចុះឃោសនា ជួបសមាជិកតាមខ្នងផ្ទះ ព្រមទាំងសកម្មភាព តាមមណ្ឌល សកម្មភាព នីមួយៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកទាំងស្មារតីនិងសម្ភារៈ របស់មន្រ្តីគណបក្សគ្រប់លំដាប់ចុះជួយមូលដ្ឋានឃុំ ក្នុងស្រុកពញាក្រែក។

ទន្ទឹមនឹងនេះលោក វង សូត បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ក្នុងការកែសម្រួល និងសម្រួចបន្ថែមយុទ្ធសាស្រ្ត និងផែនការសកម្មភាពដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋាន ព្រមទាំងដាក់ចេញនូវវិធានការថ្មីៗ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការបដិឃោសនា ស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។

ក្នុងនោះលោក វង សូត បានផ្តល់ការណែនាំដល់មន្រ្តី គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តក្តាប់សតិអារម្មណ៍ និងក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋានអោយបានគ្រប់ជ្រុងជ្រោយ ហើយខិតខំដោះស្រាយកង្វល់ និងចំណុចខ្វះខាត ទាំងនោះ ឱ្យចំបញ្ហា ដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវប្រងើយកន្តើយឡើយ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការរបស់ប្រជាជនជាក់ស្តែងនៅមូលដ្ឋាន រួចខិតខំដោះស្រាយជូនពួកគាត់។ ទន្ទឹមនេះ មន្រ្តីបក្សមូលដ្ឋាន ថ្នាក់ស្រុក ថ្នាក់ឃុំភូមិ និងមន្រ្តី គណៈពង្រឹងគ្រប់លំដាប់ត្រូវរួមជាអង្គតែមួយ ហើយត្រូវបន្តរក្សា ឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការ ក្នុងស្មារតីជាក្រុម៕