(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្យខេត្តក្រចេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជាជាង៤០០នាក់ នៅក្នុងបរិវេណវត្តក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកគណបក្យប្រជាជនកម្ពុជា លោក វ៉ា ថន បានលើកឡើងថា «សមិទ្ធផលទាំងអស់ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្ដេជ្ញាខ្ពស់របស់ថ្នាកដឹកនាំ ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនទើបមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នាល់ ទឹក ភ្លើង ដែលបងប្អូនប្រើប្រាស់សព្វថ្ងៃនេះ សុទ្ធតែកើតចេញពីរការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ លោក វ៉ា ថន បានប្រាប់ទៅកាន់សមាជិកប ក្សថា មួយរយៈកន្លងមកនេះ យើងទាំងអស់គ្នាពិតជាបានគិតវាយតម្លៃចំពោះការឃោសនារបស់បក្សផ្សេងៗ ដែលចុះឃោសនា បងប្អូនត្រូវធ្វើការប្រៀបធៀប នូវអ្វីដែលគាត់និយាយ និងប្រៀបធៀបចំពោះដឹកនាំជាក់ស្ដែងរបស់កណបក្សប្រជាជន។ យើងធ្វើការប្រៀបធៀបគ្នា យើងដឹងហើយ អ្នកថាគ្រាន់តែថាទេ តែអ្នកធ្វើបានធ្វើរួចហើយ ហើយបងប្អូនត្រូវពន្យល់អ្នក នៅជិតផ្ទះយើងដែលនៅស្ទាក់ស្ទើរ ឲ្យជួយគាំទ្រគណបក្សប្រជាជនកម្ពុជារបស់យើង។ ក្នុងសង្កាត់ក្រគររបស់យើងមានលេខរៀលលេខ៤ ដែលមានរូបសញ្ញាទេវត្តាបាចផ្កា។

លោកបានផ្តាំថា លោកយាយ លោកតាចាស់ៗ មើលមិនឃើញពិបាកក្នុងការធ្វើដំណើរទៅបោះឆ្នោត អាចពឹងប្អូន ក្មួយ កូន ចៅ ឬអ្នកជិតខាង ឲ្យជួយជូនចូលបោះឆ្នោត គឺគេអាចអនុញ្ញាតឲ្យបាន ហើយលោកក៏បាននាំសារ របស់សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕