(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ គឺដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមរក្សាសុខសន្តិភាព ជាមួយរដ្ឋាភិបាល ឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបុណ្យសម្ភោធឆ្លងឧទ្ទិសចេតិយ និងសមិទ្ធផលនានា នៅវត្តជលធារាសម្បត្តិ ហៅវត្តទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយមានវត្តមាន ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់រកាខ្ពស់ផងដែរ។

ថ្លែងក្នុងពិធីនេះលោក គង់ សោភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកឃុំ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាបាននូវការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតយ្យ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

លោកបានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាពនេះហើយ ដែរបានធ្វើឱ្យបងប្អូនប្រជាពុទ្ធបរិស័ទយើងមានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាម មានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលនានា នៅក្នុងវត្តជលធារាសម្បត្តិ ហៅវត្តទួលក្រសាំងដែលមានព្រះគ្រូសាសនរង្សី នាង ផល្លា ជាព្រះចៅអធិការជលធរាសម្បត្តិ ហៅវត្តទួលក្រសាំង ត្រូវបានដាក់សម្ភោធរួមមាន៖ ឧទ្ទេសកចេតិយ ចំនួន១ របងលាត ចំនួន១០១បន្លោះ របងក្បាច់ ចំនួន ៩១បន្លោះ ក្លោងទ្វារខាងកើត ចំនួន១ ក្លោងទ្វារខាងត្បូង ចំនួន១ ផ្លូវបេតុងក្នុងវត្តមួយចំនួន ចាក់ដីលុបស្រះ ទាំងមុខ និងក្រោយ ចំនួន ២០០០ឡាន និងកុដិចៅព្រះចៅអធិការ ចំនួន១ខ្នង៕