(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានបន្ដចុះជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្ស ដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខសប្បាយ។

ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសមជិគណបក្សប្រជាជនកម្ពុជា៧០០នាក់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ជា ចាន់តូ បានលើកឡើងថា «ក្នុងពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្ស ដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្តជារៀងរហូត»។

លោកបានបន្ដថា ប្រជាពលរដ្ឋគ្រប់រូបមានឈ្មោះបោះឆ្នោត គឺមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំ ប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

លោក ជា ចាន់តូ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ ជាក់ស្ដែងក្នុងអំឡុងពេលនៃការីករាលនៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានចាក់ស្រោវ៉ាក់សាំងជូន ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។ គិតត្រឹមយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៣៣,០១៤នាក់។

ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ លោក ជា ចាន់តូ បានដកស្រង់ និងគាំទ្រសារពិសេស ស្តីពីការគ្រប់គ្រងដីបឹងទន្លេសាបនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពីការ បានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាប ចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន៕