(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោក ឡេង ជីវិន អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះ សំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិទួលព្នៅ និងភូមិទួលថ្កូវ នៅឃុំព្រះធាតុ និងបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបិទប័ណ្ណផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជន។

ពិធីនេះមានការចូលរួមពីលោក ទ្រី ពៅ ព្រមទាំងបេក្ខជនក្រុមប្រឹក្សាឃុំព្រះធាតុ សមាជិក សមាជិកា យុវជន នៃគណបក្សមូលដ្ឋានឃុំព្រះធាតុមួយចំនួនផងដែរ។

លោក ខ្វៃ អាទិត្យា បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុក្ខ និងសុខមាលភាពជូនប្រជាពលរដ្ឋ ដោយបានផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព ក្រ១ ក្រ២។ ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់ពីកុមារអាយុ ៣ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋខ្វះខាតដី។

ជាពិសេស លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យភូមិ ឃុំ មានការរីកចម្រើន។

លោកបានបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះ យើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕