(សៀមរាប)៖ អង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា បានចុះអប់រំសិស្សមកពីខេត្តកំពង់ធំ និងសៀមរាបជាង៥០នាក់ អំពីការការពារជីវៈចម្រុះ និងបរិស្ថាន នៅបឹងពារាំង ដែលជាតំបន់អភិរក្ស ត្រីមេពូជ និងសត្វស្លាប ជាច្រើនប្រភេទ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងពិធីដែលរៀបចំនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ជា សំបាន ប្រធានអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជា បានលើកឡើងថា គោលបំណងរបស់លោកចង់ទាញយុវជនឲ្យងាកមកខាងវិស័យអភិរក្សមួយនេះ ដោយយុវជនជាច្រើនបានចាប់យកមុខវិជ្ជា នៅតាមសកលវិទ្យាល័យ ដោយជ្រើសយកមុខវិជ្ជាគ្រប់គ្រង ខាងគណនេយ្យ ម៉ាឃីតធីង និងផ្សេងៗទៀត ដោយឡែកមុខវិជ្ជាខាងផ្នែកអភិរក្សធនធានធម្មជាតិនៅមានតិចណាស់ ហើយការចាប់អារម្មណ៍របស់យុវជនទាក់ទងទៅនិងការចូលរួមការពារធនធានធម្មជាតិ ក៏នៅមានតិចនៅឡើយ ដោយសារចំណេះដឹងគាត់នៅមានកម្រិត។ ម្យ៉ាងវិញទៀត មូលហេតុដែលលោកជ្រើសរើសយកក្មេងៗជំនាន់នេះមកអប់រំ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយគាត់យកតម្រាប់តាម និងប្រែប្រួលឥរិយាបទគាត់ងាកមកការពារធនធានធម្មជាតិ។

ការបង្រៀនទៀតសោត គឺលោកបញ្ជៀសការបង្រៀននៅតាមសាលា ប្តូរមករៀននៅខាងក្រៅដើម្បីឲ្យពួកគាត់ឃើញនូវអ្វី ដែលគេហៅថា ព្រៃលិចទឹក ព្រៃរងទឹកភ្លៀង ហើយការលំបាកក្នុងការអភិរក្សនឹងយ៉ាងដូចម្តេចខ្លះ និងការខិតខំរបស់រាជរដ្ឋាភិបាល ខាងក្រសួងបរិស្ថាន និងសហគមមានពិបាកយ៉ាងម៉េច ដើម្បីឲ្យពួកគាត់យល់ និងដាក់អារម្មណ៍ពួកគាត់ទៅនឹងកិច្ចការទាំងនោះផងដែរ។

លោក ជា សំបាន បន្តថា ដោយសារពួកគាត់បានរៀនទាំង១០មេរៀនរួចមកហើយដែលអង្គការលោកបានបង្រៀន ថ្ងៃនេះដែរបានយករូបភាពដែលទាក់ទងទៅនឹងព្រៃលិចទឹក និងព្រៃរងទឹកភ្លៀងមកបង្ហាញ ដោយរូបភាពខ្លះជារូបភាពជំនួយឲ្យគាត់បានឃើញ ឧទាហរណ៍ ពួកគាត់ធ្លាប់តែឮសត្វមួយឈ្មោះត្រយ៉ង តែគាត់មិនដឹងថា សត្វត្រយ៉ងមានរូបយ៉ាងដូចម្តេច? ហើយគាត់ធ្លាប់ឮពារាំង តើពារាំងនឹងជាអ្វី ? ពារាំងគឺជាប្រភេទព្រៃលិចទឹក។ បំណងរបស់លោកចង់ឲ្យឃើញខ្លះនូវអ្វីដែលគាត់មិនដែលបានឃើញ បានត្រឹមតែឮ ទោះជាមិនបានមួយភាគរយក៏បានឃើញនៅអ្វី ដែលហៅថាព្រៃលិចទឹក និងរូបភាពសត្វ។

លោកបានរំលឹកដល់យុវជនទាំងអស់ មុននឹងឈានជើងដាំ អភិរក្ស ការពារបរិស្ថាន គួរតែរៀនជាមុនសិនទើបល្អ ព្រោះនៅពេលដែលគាត់បានរៀន គាត់យល់ គាត់ស្រឡាញ់ និងការពារ អញ្ចឹងដំណើរការការពារ នៅជំហ៊ានទីបី ជំហ៊ានទីមួយគឺរៀនសិន នេះជាបំណងរបស់លោក។

យុវតី ជឹង សុខវឿន មកពីកំពង់ធំ បានចូលស្ម័គ្រចិត្តជាមួយអង្គការផ្តោតទៅលើសត្វព្រៃកម្ពុជាតាំងពីឆ្នាំ២០២០ បានលើកថា បន្ទាប់ពីបានចូលរួមជាមួយអង្គការបានមួយរយៈពេលមកនេះ មានអារម្មណ៍ថាខ្លួនឯងបានយល់ច្រើន ជាពិសេសការផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯង ឲ្យទៅជាចំណែកមួយជួយថែរក្សា និងការពារព្រៃឈើ ជីវៈចម្រុះ និងបរិស្ថាន។ យុវតី ជឹង សុខវឿន យល់ថា យុវជនមានសារៈសំខាន់ណាស់ ក្នុងអភិរក្ស ថែរក្សាសម្បត្តិធម្មជាតិ ដូចជាព្រៃឈើ ជីវៈចម្រុះ និងបរិស្ថាន ដោយសារយុវជនមានផ្នត់គំនិត ការអភិវឌ្ឍថ្មីៗ ថែរក្សា ការពារសម្បត្តិធម្មជាតិកាន់តែមាននិរន្តភាពតទៅមុខទៀត។

ជាមួយនេះដែរ ភិក្ខុ អ៊ុត ភិរុណ មកពីវត្តឥន្ទកុមារ ខេត្តកំពង់ធំ ព្រះអង្គមានសង្ឃដីកាថា ព្រះសង្ឃមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំយុវជន ដោយបច្ចុប្បន្ននេះ យុវជនមិនសូវយល់ពីសត្វព្រៃ អ្នកខ្លះយកសត្វព្រៃមកធ្វើជាម្ហូបអាហារគ្រាន់តែដើម្បីការស្រេកឃ្លានមួយពេល មិនសូវបានយល់ពីការអភិរក្ស ការពារបរិស្ថាន ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានឃើញ និងស្គាល់ ដូច្នេះហើយទើបព្រះអង្គមកចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការអភិរក្ស ថែរក្សាជីវៈចម្រុះ ព្រៃលិចទឹកដើម្បីយកទៅអប់រំក្មេងៗ ព្រមទាំងពុទ្ធបរិស័ទ។

ព្រះអង្គមានសង្ឃដីកាទៀតថា មានព្រះសង្ឃមួយចំនួនបានចូលក្នុងព្រៃដើម្បីការពារព្រៃឈើ និងសត្វ ថែមទាំងមានខ្លះទៀតទៅស្កាត់ឡានដឹកឈើ។ ព្រះអង្គមិនចូលរួមក្នុងសកម្មភាពបែបនេះទេ ព្រះអង្គស្នើឲ្យងាកមកអប់រំ និងណែនាំវិញល្អជាង ការទៅដើរចូលព្រៃ ដើម្បីការពារព្រៃឈើ និងសត្វផងដែរ។

វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអង្គការនានា ក្នុងនោះមានអង្គការផ្តោតលើសត្វព្រៃកម្ពុជា របស់លោក ជា សំបាន ជួបវិបត្តិហិរញ្ញវត្ថុផងដែរ ដែលបណ្ដាលឲ្យសកម្មភាពខ្លះ ត្រូវបានផ្អាកមួយរយៈ។ យ៉ាងណាសកម្មភាពអប់រំនៅតែបន្ត ដែលលោក ជា សំបាន ជាប្រធានអង្គការ ខិតខំប្រឹងប្រែងឲ្យវាមានសកម្មភាពបន្តទៀត ដោយមានការគាំទ្រពីសិស្សនិស្សិត និងមិត្តភក្តិដែលស្រឡាញ់កិច្ចការមួយនេះ។ លោកក៏សំណូមពរឲ្យសាធារណជន ជួយចូលរួមទាំងថវិកា និងសម្ភារផងដែរ ដើម្បីឲ្យបេសកកម្មការពារធនធានសត្វព្រៃ ក៏ដូចជាធនធានធម្មជាតិមួយនេះ ជោគជ័យតាមការរំពឹងទុក និងដើម្បីអនាគតប្រទេសកម្ពុជា៕