(ក្រុងហ្សឺណែវ, ប្រទេសស្វីស)៖ ក្នុងអំឡុងពេលនៃការអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួបកិច្ចប្រជុំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឆ្លៀតជួបសំណេះសំណាលការងារជាមួយមន្ត្រីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់មន្ត្រីនីមួយៗនៃស្ថានបេសកកម្ម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនានាក្រោមការទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាលើកកម្ពស់មុខមាត់ និងការចូលរួមរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ។

លោលរដ្ឋមន្ត្រីបានរំលឹកមន្ត្រីថា ការសម្រេចបានលទ្ធផលល្អប្រសើរជូនប្រទេសជាតិ ត្រូវតែជាគោលដៅចម្បងរបស់ស្ថានបេសកកម្ម និងមន្ត្រីនីមួយៗ។ លោកបានលើកឡើងថា ដើម្បីសម្រេចការងារជាប្រយោជន៍ជាតិ មន្ត្រីជាតំណាងជាតិត្រូវមានការសាមគ្គីផ្ទៃក្នុងជាធ្លុងមួយក្នុងការអនុវត្តការងារ ហើយមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពជាអាជីព គោរពឋានានុក្រម ព្រមទាំងត្រូវអនុវត្តការងារតាមការទទួលខុសត្រូវរបស់ខ្លួនរៀងៗខ្លួន។

បន្ថែមពីនេះ លោលរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីនៃស្ថានបេសកកម្មទាំងអស់ប្រឹងប្រែងលើកកម្ពស់មុខមាត់របស់កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការងារនានានៅក្នុងអង្គការអន្តរជាតិ ដើម្បីឱ្យប្រទេសដទៃទៀតបានស្គាល់កម្ពុជា។ បន្ថែមពីលើនោះត្រូវប្រឹងប្រែងស្វែងរកកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៃស្ថានបេសកកម្ម និងមន្ត្រីដទៃទៀតនៅក្នុងប្រទេស៕