(ភ្នំពេញ)៖ ក្នុងជំនួបនិងពិភាក្សាការងាររវាងមូលនិធិជនពិការ និងប្រតិភូនៃរដ្ឋាភិបាលអូស្រ្តាលី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំមូលនិធិជនពិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ដែលបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់សុខុមាលភាពជនពិការនៅកម្ពុជាកន្លងមក។

លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូនៃរដ្ឋាភិបាលអូស្រ្តាលី ដឹកនាំដោយលោកស្រី Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី ដែលមានការចូលរួមពីលោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការតំណាងឱ្យឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃមូលនិធិជនពិការ និងថ្នាក់ដឹកនាំរបស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា(ACCESS) ជាច្រើនរូប។

លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ បានស្វាគមន៍ដល់ដំណើរទស្សនៈកិច្ចសិក្សារបស់លោកស្រី Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី និងបានរាយការណ៍ពីកិច្ចសហការរវាងមូលនិធិជនពិការ និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា (ACCESS) ដែលកន្លងមករដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បានសហការជួយគាំទ្រលើការអភិវឌ្ឍសមត្ថភាពមន្រ្តីផ្តល់សេវា បានគាំទ្រដល់ការការពារជំងឺកូវីដ១៩ដល់មជ្ឈមណ្ឌលស្តារ និងបានជួយកសាងគោលការណ៍ណៃនាំថ្មីសម្រាប់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅកម្ពុជា។

លោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការតំណាងឱ្យប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលកន្លងមកនេះ បានគិតគូរដល់ប្រជាពលរដ្ឋជាពិសេសលើជនរងគ្រោះ និងងាយរងគ្រោះ ដោយបានដាក់ចេញនូវគោលនយោបាយនានាសំដៅដល់ការទប់ស្តាត់ និងផ្តល់សេវាគាំទ្រដល់ពួកគាត់ឱ្យទទួលបានការគាំពារពីរដ្ឋ តួយ៉ាងក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវកម្មវិធីបើកសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីឱ្យពួកគាត់បានដោះស្រាយជីវភាព។

ក្រៅពីការជួបពិភាក្សានេះ ប្រតិភូប្រទេសទាំង២ បានធ្វើទស្សនកិច្ចសិក្សា អំពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំងផងដែរ៕