(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កា បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចបន្ថែមថ្ងៃឈប់សម្រាក ចំនួន១ថ្ងៃទៀត ក្នុង១សប្តាហ៍ ដល់បុគ្គលិកបម្រើការងាររដ្ឋនៅទូទាំងប្រទេស ដើម្បជួយសម្រាលទុក្ខលំបាករបស់ពួកគេ និងដើម្បីលើកទឹកចិត្តពួកគេ ឱ្យដាំដុះស្បៀងអាហារដោយខ្លួនឯង នៅចំពោះមុខវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ សម្រាប់ប្រទេសស្រីលង្កា។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គណៈរដ្ឋមន្រ្តីស្រីលង្កា បានអនុម័តលើសំណើមួយសម្រាប់ឱ្យ បុគ្គលិកនៃវិស័យសាធារណៈ ទទួលបានការឈប់សម្រាករៀងរាល់ថ្ងៃសុក្របន្ថែមទៀត នៅក្នុងរយៈពេល៣ខែខាងមុខ ដែលហេតុផលមួយផ្នែក គឺដោយសារតែការខ្វះខាតឥន្ធនៈ ដែលបានបង្កផលលំបាកចំពោះមធ្យោបាយធ្វើដំណើរ ក៏ដូចជាដើម្បីជំរុញឲ្យពួកគេមានពេលវេលា ក្នុងការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ម្ហូបអាហារផងដែរ។

រដ្ឋាភិបាលលស្រីលង្កាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «វាហាក់ជារឿងសមរម្យក្នុងការអនុញ្ញាត ឲ្យមន្រ្តីរដ្ឋាភិបាលឈប់សម្រាកមួយថ្ងៃធ្វើការ ដើម្បីយកពេលទៅធ្វើសកម្មភាពកសិកម្មនៅផ្ទះរបស់ខ្លួន ឬនៅទីកន្លែងផ្សេងទៀត ដែលវាអាចជាដំណោះស្រាយមួយ ចំពោះបញ្ហាខ្វះខាតស្បៀងអាហារ ដែលត្រូវបានរំពឹងទុកថា នឹងកើតឡើង»

គួរបញ្ជាក់ថា ប្រទេសដីកោះ ដែលមានបុគ្គលិកវិស័យសាធារណៈប្រហែល ១លាននាក់នេះ កំពុងជួយបញ្ហាធ្ងន់ធ្ងរដោយសារ ការខ្វះខាតរូបិយបណ្ណបរទេស ដែលជាលទ្ធផលមិនអាចទូទាត់លើការនាំចូលឥន្ធនៈ ចំណីអាហារ និងថ្នាំពេទ្យបាន ស្របពេលដែល អង្គការសហប្រជាជាតិ (UN) កាលពីសប្តាហ៍មុន ក៏បានព្រមានអំពីវិបត្តិមនុស្សធម៌ ដែលកំពុងលេចឡើងផងដែរ៕