(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃប្រទេសកម្ពុជា បានកោតសរសើរដល់ក្រុមហ៊ុនចិនដែលកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោថា ខិតខំសហការជំរុញការសាងសង់ប្រកបដោយគុណភាព ដំណើរទៅមុខដោយរលូន ពុំមានអ្វីរាំងស្ទះ បើទោះបីជាស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ស្របពេលជាមួយខួបលើកទី៧០ នៃការបង្កើតក្រុមហ៊ុនសំណង់វិស្វកម្មសំណង់ទីបីរបស់ប្រទេសចិន នៅក្នុងពេលអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២២ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់កិច្ចសម្ភាសន៍ដល់ ក្រុមអ្នកសារព័ត៌មានថា ការសាងសង់ជារួម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣០ភាគរយហើយ។ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ការសាងសង់នៅតែបន្តដំណើរការជាប្រក្រតី ពុំមានការរាំងស្ទះទេ។

លោក ម៉ៅ ហាវណ្ណាល់ បន្ថែមទៀតថា តាមគម្រោង ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់រួចរាល់ នៅ២០២៤ ហើយដាក់ឱ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរកសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅខេត្តកណ្តាល ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញមួយនេះ គឺជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ ប្រភេទ 4F អាចឲ្យយន្តហោះខ្នាតយក្ស ចុះចតបាន ជាអាកាសយានដ្ឋានប្រវត្ថិសាស្ត្រ ប្រើប្រាស់រាប់រយឆ្នាំ។

លោក ម៉ៅ ហាវណ្ណាល់ សង្ឃឹមយ៉ាងមុតមាំថា នៅពេលដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះ នឹងមានក្រុមហ៊ុនហោះហើរផ្លូវឆ្ងាយជាច្រើន ចាប់អារម្មណ៍ធ្វើការហោះហើរមកកាន់កម្ពុជា ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។

នៅពេលសួរពីការវាយតម្លៃលើការសាងសង់របស់ក្រុមហ៊ុនចិន ទទួលបន្ទុកសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ម៉ៅ ហាវណ្ណាល់ បានកោតសរសើរដល់ក្រុមហ៊ុនចិន ដែលយកចិត្តទុកខ្លាំងលើការសាងសង់ប្រកបដោយគុណភាព ក្នុងនោះ ក្រុមហ៊ុនមានការត្រួតពិនិត្យលើគុណភាពសំណង់ទាំងអស់ ច្បាស់លាស់តាមដំណាក់កាល។ ក្រុមហ៊ុនចិន ក៏មានកិច្ចសហការ ជាមួយមន្ត្រីជំនាញនៃស្ថាប័ននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជួយត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ ព្រមទាំង ក្រុមហ៊ុនរចនាប្លង់ អង់គ្លេស ដូច្នេះ គុណភាពនៃការសាងសង់អាកាសយានដ្ឋាននេះ គឺត្រូវតែជាលំដាប់អន្តរជាតិ។

«ជាក់ស្តែង យើងឃើញហើយថា ទាំងអ្នកសារព័ត៌មានឃើញថាតើ សកម្មភាព គុណភាព យ៉ាងម៉េច...គាត់ (ក្រុមហ៊ុនចិន) គាត់ធ្វើទាំងអស់ គឺគាត់មាន»។ នេះជាការគូសបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Construction Midland (CCMC) គឺជាក្រុមហ៊ុនសាងសង់ល្អបំផុតនៅក្នុងប្រទេសចិន។ ពួកគេបានសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងីCOVID-19 នៅទីក្រុងវូហានតែក្នុងរយៈពេល ១០ថ្ងៃ។
ពេលនេះក្រុមហ៊ុនបាននិងកំពុងសាងសង់អគារចំណតអ្នកដំណើរ (Passenger Terminal Building) ដែលសម្រេចបាន ៣០ភាគរយ។ ក្រៅពីនេះ ក្រុមហ៊ុនក៏ជាអ្នកទទួលបន្ទុកសាងសង់ មជ្ឈមណ្ឌលថាមពល និង ផ្លូវរត់របស់យន្តហោះ ព្រមទាំងផ្នែកផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) ដែលបានបញ្ជាក់ នាពេលនោះ។

បើតាមលោក ឆារស៍ វ៉ាន់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចម្ងាយ ៤គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួល អ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួល អ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិអោយបាន ៤៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ។

ចំពោះតំណាងក្រុមហ៊ុនសំណង់វិស្វកម្មសំណង់ទីបី បានបញ្ជាក់ថាក្រុមហ៊ុនសំណង់វិស្វកម្មសំណង់ទីបីមានទំនួលខុសត្រូវខ្ពស់ក្នុងការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនិងរួមគ្នាកែលម្អការអភិវឌ្ឍន៍នៃវិស័យសំណង់របស់ប្រទេសកម្ពុជាអោយកាន់តែប្រសើរឡើង។ ជាមួយគ្នានេះក្រុមហ៊ុនសំណង់វិស្វកម្មសំណង់ទីបីនិងខិតខំប្រឹងប្រែងឱ្យនៅតែជាក្រុមហ៊ុនសំណង់ដ៏ពេញនិយមបំផុតផងដែរនៅក្នុងប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ននឹងទៅអនាគត៕