(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ និងទទួលអំណោយភួយចំនួន ១,០០០ភួយ ជាអំណោយរបស់ លោកស្រី Anna Hsieh, President of Rotary Club of Angkor ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី Anna Hsieh ដែលតែងតែឧបត្ថម្ភអំណោយដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍។

សូមបញ្ជាក់ថា ភួយទាំងអស់នេះ កាកបាទក្រហមកម្ពុជា នឹងធ្វើការចែកជូនដល់អ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ និងចែកជូនដល់អ្នកងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជាផងដែរ៕