(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានប្រកាសពីការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីកៀរគថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យក្នុងការព្យាបាលកុមារ។

បន្ទាប់ពីភាពស្ងប់ស្ងាត់នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យរៀបចំពិធីផ្សេងៗជាប្រក្រតី ក្នុងនោះក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចមិនពាក់ម៉ាស់នៅតាមទីសាធារណផង។ ស្របពេលជាមួយគ្នានេះដែរ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក៏បានសម្រេចប្រកាសជាសាធារណៈក្នុងការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីប្រចាំឆ្នាំទី ៩ ដើម្បីកៀរគមូលនិធិសម្រាប់ជួយទ្រង់ទ្រង់ដល់ដំណើរការផ្តេល់សេវាសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃដល់កុមារកម្ពុជា។

ឆ្នាំ២០២២ នេះ គឺជាឆ្នាំទី៩ ដែលពិធីនេះត្រូវបានរៀបចំឡើង ដោយចែកជាពីរវគ្គ។ វគ្គទី១ គឺកម្មវិធីសម្តែងព្រះធម៌ទេសនាតាមអនឡាញ ដែលផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកុមារអង្គរ ដោយធម្មកថិកដែលមានព្រះនាមល្បីៗនៅក្នុង និងក្រៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩ ដល់ម៉ោង ១០ ព្រឹកជាធម្មទាន។ វគ្គទី២ គឺកម្មពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៦ល្ងាច នៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរ កម្មពិធីនេះ មានរួមបញ្ចូលទាំងពិធីសូត្រមន្ត ចម្រើនព្រះបរិត ការសម្តែងព្រះធម្មទេសនាដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរងថេរសភាសង្ឃនៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងការប្រកាសទឹកប្រាក់សប្បុរសដែលទទួលបានជាកិច្ចបង្ហើយបុណ្យ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា នៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានផ្អាកសកម្មភាពច្រើន ប៉ុន្តែបន្ទាប់ពីមានការ ប្រកាសបើកប្រទេស ឡើងវិញ ឥលូវនេះចំនួនអ្នកជំងឺកើនឡើងមកក្នុងកម្រិតមួយច្រើនដូចមុនពេលមានបញ្ហាជំងឺកូវីដ គឺ៤០០ ទៅ ៤៥០នាក់ក្នុងមួយថ្ងៃៗ។ តែបញ្ហាចម្បងចំពោះមុខប្រឈមខ្លាំងគឺ ការផ្តល់ជំនួយជាថវិកាពីសប្បុរសជននៅតែបន្តធ្លាក់ចុះ។ ហេតុនេះ មន្ទីរពេទ្យត្រូវតែខិតខំរៀបចំកម្មវិធី និងផ្សព្វផ្សាយ ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីឲ្យមានការឧបត្ថម្ភគាំទ្រពីគ្រប់ទិសទី។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីប្រចាំឆ្នាំនេះ គឺប្រារព្ធឡើងម្តងក្នុងមួយឆ្នាំរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ ក្រោមព្រះអធិបតេយ្យភាព ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប រួមទាំងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅខេត្តសៀមរាប៕