(ភ្នំពេញ)៖ ក្រោយបង្កើតឡើងប្រមាណជាងកន្លះសតវត្សរ៍ តាំងពីឆ្នាំ១៩៦០មក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងមានកាតសម្គាល់ខ្លួនវៃឆ្លាតដ៏ទំនើបជាលើកដំបូង សម្រាប់ឲ្យនិស្សិតប្រើប្រាស់ក្នុងសហគមន៍សាកលវិទ្យាល័យដ៏វ័យចំណាស់របស់កម្ពុជាមួយនេះ។

ដំណឹងនេះបង្ហាញឡើង ក្នុងឱកាស លោកបណ្ឌិត ឈុន ហុក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រី ភូ លីនដា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី (Wonderpass Technology) ចុះអនុស្សារណៈយោគយល់គ្នាមួយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

បើតាមលោកបណ្ឌិត អោ វិទូ អ្នកទទួលបន្ទុករួមមជ្ឈមណ្ឌលសហប្រតិបត្តិការ សាកលវិទ្យាល័យ-សហគ្រាស នៃសាកលវិទ្យាល័យភួមិន្ទភ្នំពេញ បានឲ្យដឹងថា កាតវៃឆ្លាតដ៏ទំនើបនោះ មិនត្រឹមតែប្រើប្រាស់សម្រាប់សម្គាល់ខ្លួននិស្សិតប៉ុណ្ណោះទេ តែវាក៏ផ្តល់ឲ្យសិស្សសម្រាប់ប្រើប្រាស់ ក្នុងសាកលវិទ្យាល័យលើផ្នែកជាច្រើន ដូចជាការទិញទំនិញ ដោយទទួលបានការបញ្ចុះតម្លៃ និងសម្រាប់យកទៅប្រើប្រាស់ ដើម្បីបង់ថ្លៃចំណតយានយន្តផងដែរ។

លោកបន្តថា មិនតែប៉ុណ្ណោះ ក្រោយចាប់ដៃជាមួយ វ៉នឌើរផាស នៅជំហានបន្ទាប់ និស្សិតនឹងត្រូវបានផ្តល់សិទ្ធិ និងឱកាសធ្វើការងារ ការចុះកម្មសិក្សា និងឱកាសផ្សេងៗទៀត នៅក្នុងក្រុមហ៊ុន វ៉នឌើរផាស ដើម្បីឲ្យនិស្សិតផ្សារភ្ជាប់នូវទ្រឹស្តី ដែលគាត់រៀននៅក្នុងថ្នាក់ ជាមួយនឹងការអនុវត្តជាក់ស្តែង ក៏ដូចជាមានឱកាសធ្វើការងារពេញម៉ោង នៅពេលអនាគតផងដែរ។

លោកបញ្ជាក់ថា «ការចាប់ផ្តើមដំបូងនេះ ជំហានទី១ ជាការផ្តល់ជូនសាកលវិទ្យាល័យយើង កាតនិស្សិតឆ្លាតវៃមួយ ដែលអាចឲ្យនិស្សិតប្រើប្រាស់វា នៅក្នុងការសម្គាល់ខ្លួនជានិស្សិតផង និងមានលទ្ធភាពប្រើប្រាស់វា នៅក្នុងការទិញទំនិញផ្សេងៗនៅក្នុងសាកលវិទ្យាល័យរបស់យើង និងជាដៃគូក្នុងផ្នែកផ្សេងៗ របស់ ក្រុមហ៊ុន វ៉នឌើរផាស ផងដែរ»។

ជាមួយគ្នានេះដែរ លោក ទុយ ច័ន្ទដារា នាយកប្រតិបត្តិក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ដំណើរការនៅកម្ពុជា ៣ឆ្នាំមកហើយ។ វ៉នឌើរផាស គាំទ្រផ្នែកបច្ចេកវិទ្យាលើសកម្មភាពការងារវិស័យកីឡា ការប្រគុំតន្ត្រី ការកម្សាន្ត និងការអប់រំ។

បើតាមលោកនាយកប្រតិបត្តិវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ន វ៉នឌើរផាស មានកិច្ចសហការជាមួយវិស័យរដ្ឋ និងឯកជន។ ជាមួយវិស័យរដ្ឋ គឺក្រុមហ៊ុនទទួលបានកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំលក់សំបុត្រអនឡាញ (E-Ticket) ដើម្បីផ្តល់ភាពងាយស្រួល ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រ។

លោក ទុយ ច័ន្ទដារា បន្តទៀតថា វ៉នឌើរផាស ក៏សហការក្នុងការអភិវឌ្ឍធ្វើការលក់សំបុត្រអនឡាញ ជាមួយក្លិបបាល់ទាត់នៅកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងផលិតកម្មបារមីទៀតផង។ លោកថ្លែងដែរថា វ៉នឌើរផាស ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលផ្តល់ដំណោះស្រាយបញ្ហាលក់សំបុត្រអនឡាញ ខណៈដែលនិន្នាការនៃការទិញលក់តាមអនឡាញ មានសន្ទុះកាន់តែខ្លាំង ហើយក្រុមហ៊ុនបានប្រើប្រាស់ធនធានកម្ពុជា ប្រមាណ ៩០ភាគ ក្នុងការអនុវត្តសកម្មភាពការងារក្រុមហ៊ុន។

អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ថា «យើងកំពុងតែដាក់ដំណើរការប្រព័ន្ធលក់សំបុត្រតាមអនឡាញ (Smart Ticket Solution) អាចហៅបានថា យើងជាក្រុមហ៊ុនដំបូងគេ ដែលធ្វើការងារនេះ ដោយយើងបានប្រើប្រាស់ធនធានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍កូវីដ១៩ ក្រុមហ៊ុន វ៉នឌើរផាស ក៏បានសហការផ្តល់ឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាអំណោយ នូវម៉ាសការពារប្រភេទ N95 ចំនួន ៦ម៉ឺនម៉ាសផងដែរ។ នេះជាចំណែកមួយ នៅក្នុងការចាប់ផ្តើមចូលរួម ដែលម៉ាសទាំងនោះបែងចែកដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតផងដែរ។

បើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានបញ្ជាក់ថា គ្រឹះស្ថានស្រាវជ្រាវជ្រាវរបស់ជាតិដ៏សំខាន់មួយនេះ បានចាប់ដៃជាមួយវិស័យនានាជាច្រើនមក ដើម្បីផ្តល់ឱកាសដល់និស្សិតទទួលបានចំណេះដឹង និងចំណេះធ្វើ ឆ្លើយតបនឹងទីផ្សារ។

លោកថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានយុទ្ធសាស្ត្រធំៗជាច្រើន ដើម្បីការបង្រៀន ការស្រាវជ្រាវ និងឱកាសការងារដល់និស្សិត ហើយយុទ្ធសាស្ត្រនោះរួមមាន ការពង្រីកទំនាក់ទំនាក់ជាមួយដៃគូជាតិ និងអន្តរជាតិ ដែលទី១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចង់ឲ្យយុវជនបានស្គាល់សាលានេះកាន់តែច្រើន និងទី២ សាលានេះពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដទៃទៀតជាលំដាប់៕