(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុត ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ។

នេះបើតាមសារលិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់ របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយធានាថា «យុវជនម្នាក់មានជំនាញមួយ យ៉ាងតិចប្រចាំជីវិត»។

សម្ដេចតេជោ ហ៊ុន សែ ន បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាល ត្រូវបានរៀបចំឲ្យមានភាពបត់បែនស្រប តាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។

សម្ដេចតេជោបន្ដថា ដើម្បីផ្ដល់លទ្ធភាពទទួលបាន ការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបាន បោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិតជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្សនិស្សិត និងកម្មករនិយោជិតជាង២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលពិសេសមួយ ដែលមានភាពបត់បែន និងផ្តោតលើគុណភាព ព្រមទាំងបានផ្តល់នូវប្រាក់ឧបត្ថម្ភអំឡុងពេលសិក្សា ដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង១ខែ ដើម្បីផ្ដល់ឱកាស ឲ្យពួកគាត់ទទួលបាននូវជំនាញមួយច្បាស់លាស់ សម្រាប់ចាប់យកការងារថ្មី នៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់ នាពេលបច្ចុប្បន្ន និងទៅអនាគត ឬអាចប្រកបមុខរបរ ដោយខ្លួនឯងបាន ដែលមានសិក្ខាកាមចំនួន ៦ ៥០០នាក់ និងបានធ្វើការបណ្តុះបណ្តាលជំនាញទន់ ជូនដល់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសចំនួន៦៨ ០០០នាក់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលដល់វ័យ ចូលទីផ្សារការងារ ជាពិសេសការបង្កើនសមត្ថភាព ជំនាញរបស់កម្លាំងពលកម្ម ដែលកំពុងស្ថិតនៅក្នុងទីផ្សារការងារស្រាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្លាស់ប្តូរជំនាញ ឬការបណ្តុះបណ្តាល ដើម្បីបង្កើនកម្រិតជំនាញ ដែលជាកត្តាគន្លឹះ ក្នុងការរក្សាភាព ប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រជារួមរបស់កម្ពុជា ក្នុងការគាំទ្រដល់ខេត្ត ឬប៉ូលសេដ្ឋកិច្ចសំខាន់ៗ តាមរយៈការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ សមស្របតាមតម្រូវការទីផ្សារ ការងារសម្រាប់គាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិឧស្សាហកម្ម, តំបន់ទេសចរណ៍, និងបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ និងនវានុវត្តន៍សម្រាប់ឧស្សាហកម្មទំនើបៗ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវគោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅដែលរាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូន ជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការអនុវត្តបាននូវវិធានការ «៣ ការពារ និង ៣ កុំ» រហូតដល់យើងអាចឈានទៅការបើកដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ លើគ្រប់វិស័យនៅទូទាំងប្រទេស៕