(ព្រះវិហារ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ កុមារនិងយុវជន ទទួលបានចង្កោមសិទ្ធិទាំង៤ យ៉ាងពេញលេញ។

ការថ្លែងបែបនេះ ក្នុងឱកាស លោកស្រីបណ្ឌិត សឿ សុជាតា បើកសិក្ខាសាលា ស្តីពីការពិនិត្យកែសម្រួលសេចក្តីព្រាងចុងក្រោយសៀវភៅសិក្សាគោល ស្តីពីការអប់រំសុខភាពថ្នាក់ទី៥, ទី៩ និងចុះប្រឹក្សាយោបល់ រៀបចំបន្ទប់សុខភាព ព្រមទាំងការលើកកម្ពស់បរិស្ថាន អនាម័យ និងសុវត្ថិភាពចំណីអាហារ ជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សាត្បែងមានជ័យ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងពីមោទនភាពអភិវឌ្ឍធនធានមនុស្ស ជាពិសេសកុមារនិងយុវជនវ័យក្មេង ឆ្លើយតបសមរម្យ និងទាន់ពេលវេលាទៅនឹងទិសដៅអភិវឌ្ឍជាតិ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពិសេសនាយកដ្ឋានសុខភាពសិក្សា មិនដែលរុញរា ឬត្អូញត្អែរចំពោះការបំពេញការងារ ទោះយប់ ឬថ្ងៃ ឆ្ងាយឬជិត ទាំងការងារជំនាញ ក៏ដូចជាការងារមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា បានបន្តទៀតថា យើងទាំងអស់គ្នារួមគ្នាដោយស្នាមញញឹម និងក្តីសង្ឃឹមជឿជាក់ថា៖ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កុមារ និងយុវជនទទួលបានចង្កោមសិទ្ធិទាំង៤ យ៉ាងពេញលេញគឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិចូលរួមដើម្បីក្លាយជាពលរដ្ឋមានសក្តានុពលរបស់ប្រទេសជាតិ៕