(ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិន ឬ តាង៉ែនរបស់កម្ពុជា នឹងចាប់ផ្តើមនាំចូលទៅប្រទេសចិនដោយផ្ទាល់នារដូវប្រមូលផលខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ឆ្នាំ២០២២ នេះបើតាមមន្ត្រីជំនាញនៃក្រសួងកសិកម្មកម្ពុជា។

លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្ទ នាពេលថ្មីៗនេះថា មានកសិដ្ឋានដាំផ្លែមៀនប្រមាណជាង ៦០កសិដ្ឋានហើយ ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម សម្រាប់ត្រៀមនាំចេញទៅប្រទេសចិន ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស ដែលបានឯកភាពគ្នា ជាមួយអគ្គរដ្ឋបាលគយចិន កាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា ផ្លែមៀនរបស់កម្ពុជានឹងចាប់ផ្តើមនាំចូលទៅប្រទេសចិនដោយផ្ទាល់ នៅរដូវប្រមូលផលខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ២០២២។ លោកអះអាងថា នេះគឺជាសញ្ញាល្អសម្រាប់កសិដ្ឋានដាំ និងកែច្នៃផ្លែមៀន ដោះស្រាយបញ្ហាទីផ្សារកាន់តែទូលាយ ជាមួយនឹងស្ថិរភាព និង មានតម្លៃកាន់តែល្អប្រសើរ។ យ៉ាងណាក៏ដោយ ក្រសួងកសិកម្មតែងតែផ្តល់ប្រឹក្សាយោបល់ សេវាបច្ចេកទេសជាប្រចាំ ជូនដល់កសិដ្ឋាន ជាពិសេស ការគ្រប់គ្រងសមាសភាពចង្រៃឲ្យបានជាប់លាប់ មានសុវត្ថិភាព ពេលនាំចេញទៅប្រទេសចិន ពោលគឺគ្រប់កសិដ្ឋានចូលរួមការនាំចេញ ត្រូវតែអនុវត្តតាមអនុលោមភាពតាមគោលការណ៍គន្លឹះ មុននឹងចេញវិញ្ញាបណ្ណប័ត្រជូនពីក្រសួងកសិកម្ម។

លោក កែ មុន្ធីវុធ បញ្ជាក់បន្ថែមថា មិនសំដៅលើតែផ្លែមៀនប៉ៃលិនទេ គឺ មៀន នៅក្នុងខេត្តផ្សេងៗទៀតដែរ ដូចជា បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ជាដើម។ ជាមួយគ្នានេះដែរ លោក តំ សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាភិបាល របស់សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ទទួលបន្ទុកផ្នែករដ្ឋបាល បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ប្រជាកសិករក្នុងសហគមន៍មានទឹកចិត្តសប្បាយរីករាយជាខ្លាំង នៅពេលបានដឹងពីដំណឹងនៃការនាំចេញផ្លែមៀន ទៅកាន់ប្រទេសចិន ដោយផ្ទាល់។

លោកថា សមាគមន៍បានផ្សព្វផ្សាយព័ត៌មានលម្អិត ជូនដល់ប្រជាកសិកររួចរាល់អស់ហើយ ទាំងនីតិវិធីផ្សេងៗ ដែលអាចនាំចេញបាន ដូចជា ការចុះបញ្ជីអនុវត្តកសិកម្មល្អ និងចុះបញ្ជីស្នើសម្រាប់នាំចេញផលិតផលមៀនទៅចិន ជាដើម។ លោកថា បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះផ្លែមៀនសរុបក្នុងសហគមន៍ មានប្រមាណ២៤០០ហិកតា ហើយលោកសង្ឃឹមថា ផ្លែមៀនរបស់កម្ពុជានឹងលែងជួបញ្ហាកកស្ទះទីផ្សារ ដូចឆ្នាំកន្លងទៅ ទៀតហើយ ហើយតម្លៃមៀនក៏នឹងបានខ្ពស់ តាមរយៈការនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។

ក្នុងនាមជាកសិករមួយរូប និងក្នុងនាមសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក តំ សោភ័ណ្ឌ សូមថ្លែងអំណរគុណជាខ្លាំងដល់ភាគីចិន បានជួយទិញផ្លែមៀនពីប្រទេសកម្ពុជា ដែលធ្វើឲ្យមានទំនុកចិត្តខ្លាំងលើទីផ្សារ នឹងកាន់តែធំទូលាយ។ ការជួយទិញផ្លែមៀនពីភាគីចិននេះពិតជារួមចំណែកដល់ការលើកស្ទួយជីវភាពរបស់ប្រជាកសិករកម្ពុជា នេះគឺជាគុណតម្លៃធំធេង។

សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះ បណ្តាខេត្តដែលមានកសិករដាំដុះផ្លែមៀន ច្រើនជាងគេ គឺមាននៅក្នុងខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ ជាដើម។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិនទាំងនេះ មានជិត៧ពាន់ហិកតា ដែលកសិករទទួលបានទិន្នផល ចំនួន១១ម៉ឺនតោន កាលពីឆ្នាំ២០២១ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

មុននឹងឈានដល់បញ្ចប់នីតិវិធីតេស្តនិងត្រួតពិនិត្យលើផ្លែមៀនកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិនបាន ហើយត្រៀមនាំចេញ ក្នុងពេលប្រមូលផល នាពេលឆាប់ៗនេះ ភាគីចិនបានប្រឹងប្រែងនិងយោគយល់ច្រើនលើការត្រួតពិនិត្យផ្លែមៀនកម្ពុជា សូម្បីតែការវិភាគហានិភ័យនិងការត្រួតពិនិត្យផ្លែមៀនកម្ពុជា ក៏រដ្ឋបាលគយប្រទេសចិន ធ្វើឡើងតាមរយៈវីឌីអូ ព្រោះបញ្ហាជំងឺកូវីដ ក្នុងនោះ មានការពិនិត្យចម្ការផ្លែមៀន និងរោងចក្រវេចខ្ចប់នានា ព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាព ក្នុងក្រសួងកសិកម្មកម្ពុជា រហូតដល់ឯកភាពគ្នាអាចនាំចេញទៅបាន៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)