(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុគម្រប់៨៦ យាងចូល ៨៧ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាត លំឱនកាយ ថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ហ្លួងម៉ែជាអម្ចាស់ជីវិត ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គជ្រកកោនប្រកប ដោយក្តីសុខដុមរមនា ជាភិយ្យោភាពដ៏យូរអង្វែងតរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្តែងនូវព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូកតវេទិតាធម៌ដ៏ធំធេង ចំពោះព្រះរាជបូនីយកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលតែងតែដង្ហែតាមគន្លងព្រះរាជវីរគំរូដ៏ឆ្នើមបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បន្តដឹកនាំព្រះរាជកិច្ចដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ ធ្វើឲ្យប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងប្រទេសរស់នៅយ៉ាងសុខក្សេមក្សាន្តក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍តរៀងទៅ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះ វិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សា ឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមអភិបាល ប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ព្រះប្រកបដោយ ព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖