(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ យកចិត្តទុកដាក់ឲ្យអត្រាបោះបង់ការសិក្សារបស់សិស្ស បាននៅកម្រិតទាបបំផុត។

លោក ងួន រតនៈ បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានស្នើឲ្យថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ អប់រំគ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា និងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត ជាពិសេសការចូលរួមដោយយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស ហើយគ្រប់សាលារៀនទាំងអស់ ត្រូវមានការលើកកម្ពស់នូវវិស័យកីឡា ទាំងសម្ភារៈ ទីលានជាដើម ដើម្បីបណ្តុះស្មារតីសិស្សឲ្យចេះស្រឡាញ់កីឡា។

លោក ងួន រតនៈ បានថ្លែងដែរថា ប្រទេសមានវឌ្ឍនភាព លើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យមានកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់ជាពិសេសការរក្សាបាននូវលំនឹងសន្តិភាព សន្តិសុខ កំណើនសេដ្ឋកិច្ច កំណើនការងារ និងចំណូលក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងកម្រិតខ្ពស់។

លោកថា ក្នុងបរិបទនេះរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់លើវិស័យជាអាទិភាពជាច្រើន ក្នុងនោះការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងស៉ីជម្រៅទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចំពោះមុខបណ្ដាវិស័យសំខាន់ៗមួយចំនួននៅថ្នាក់ជាតិ ត្រូវបានធ្វើវិមជ្ឈការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលខុសត្រូវអនុវត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ជាពិសេសសកម្មភាពនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល និងវិស័យសំខាន់ៗមួយចំនួន ក្នុងនោះវិស័យអប់រំយុវជន និងកីឡា ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងគោលនយោបាយវិមជ្ឈការនេះផងដែរ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេប ពីលទ្ធផលការងារកន្លងមក គឺពិតជាមានមោទនភាព អំពីលទ្ធផលសម្រចបានទាំងផ្នែកបរិមាណនិង គុណភាព ដែលជាសកម្មភាពជាអទិភាព និងជាយុទ្ធសាស្ត្រដែលបានអនុវត្ត ត្រូវបានផ្តោតជាសំខាន់ទៅលើ ការលើកកម្ពស់គុណភាព អប់រំតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នាឲ្យដល់កុមារទាំងការអប់រំក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដោយធានាឲ្យពួកគេមានឱកាសរៀនចប់កម្រិតមូលដ្ឋាន ៩ឆ្នាំ៕