(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាព ដល់យុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្សនៅវិទ្យាល័យអង្គរ ក្រោមកិច្ចសហការ និងគាំទ្រពីអង្គការ People’s Action for Inclusive Development (PAfID) និងអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន។

ថ្លែងក្នុងពិធីនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានលើកឡើងថា គោលបំណងនៃការបើកវគ្គផ្សព្វផ្សាយនេះ ដើម្បីចែករំលែកឱ្យសិស្សានុសិស្ស បានយល់ដឹង និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារខ្លួន ក្នុងសម័យកាលរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបយ៉ាងទូលំទូលាយ ដែលអាចឱ្យពួកគេងាយជឿតាមការអូសទាញ ការលួងលោម ការចាញ់បោកគេ ដោយធ្លាក់ចូលក្នុងការរំលោភបំពានផ្លូវភេទ និងការជួញដូរកេងប្រវ័ញ្ចផ្លូវភេទ ពិសេសបង្កើនការយល់ដឹងពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការយល់ដឹងពីប្រព័ន្ធរាយការណ៍ដែលមានស្រាប់ ក្នុងការស្វះស្វែងរកជំនួយគាំទ្រ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពវិជ្ជមាន និងមានសុវត្ថិភាព។

លោកបានបន្តថា ក្នុងរយៈពេលនៃការផ្ទុះជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងទាំងពិភពលោកនោះ អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានរកឃើញថា បានកើនឡើងជាលំដាប់ហើយអំពើជួញដូររូបអាសអាភាសរបស់កុមារលើប្រព័ន្ធអ៉ីនធឺណិត ត្រូវបានកើតឡើងក្នុងបរិបទជាសកល ស្របពេលកម្ពុជាក៏មានសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារក្នុងពេលបច្ចុប្បន្នផងដែរ។

ចំណែកលោកស្រី សំ សាវ៉ាង មន្ត្រីការងារយុវជន នៃកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបរាប់ថា ដើម្បីបង្ការពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ត្រូវប្រុងប្រយ័ត្នការពារខ្លួនដូចជា គួរយល់ដឹងអំពីកម្មវិធីសុវត្ថិភាពថ្មីៗតាមអនឡាញ និងហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត។ ប្រសិនបើមានការទទួលធ្វើមិត្តមើលទៅគួរឱ្យសង្ស័យសូមកុំទទួល ត្រូវកំណត់ឯកជនភាពរបស់អ្នកថា មានតែមនុស្សត្រឹមត្រូវដែលអាចឃើញអ្វីអ្នកបានបង្ហោះ ត្រូវចាត់ទុកថា ការធ្វើសកម្មភាពតាមអនឡាញប្រៀបបានដូចការធ្វើសកម្មភាពជាសាធារណៈ សូមជៀសវាងផ្ញើរូបភាព ឫវីដេអូរបស់អ្នកទៅកាន់ជនមិនស្គាល់ សូមមានការប្រុងប្រយ័ត្នពេលមានគេឲ្យកាដូតាមអនឡាញ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ប្រសិនអ្នកសំរេចចិត្តជួបនរណាដោយផ្ទាល់ ដាច់ខាតមិនត្រូវផ្ញើរូបអាក្រាតកាយទៅកាន់នរណាក៏ដោយ ទោះបីអ្នកនោះជាសាច់ញាតិឫជាមិត្តភក្តិជិតស្និត។

ជាមួយនេះដែរ វគ្គផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពនេះ មានប្រធានបទចំនួន៣ រួមមាន៖ ១) ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ, ២) ការលើកកម្ពស់កុមារមានពិការភាពក្នុងការចូលរួមការងារសង្គម និង៣) បញ្រ្ជាបពីតួនាទី និង គោលការណ៍គ្រឹះទាំង៧ កាកបាទក្រហមកម្ពុជា ការងារយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរណ៍ផងដែរ៕