(ភ្នំពេញ )៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ(HKETO) ដឹកនាំដោយលោក Sheung Yuen Lee ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ក៏ដូចជាដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំ ទូលាយនៅកម្ពុជាផងដែរ។

ជាកិច្ចចាប់ផ្តើម លោក Sheung Yuen Lee បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី ដែលបានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហុងកុង និងបានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍ និងការអនុវត្តល្អរបស់ខ្លួនទាក់ទងនឹងជំនាញ គ្រប់គ្រងកំពង់ផែលំដាប់ថ្នាក់ពិភពលោក និងសក្កានុពលសំខាន់ជាច្រើន និងបានបង្ហាញចំណាប់ អារម្មណ៍ចំពោះការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន និងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះរួមមានការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងបានបង្ហាញជំនឿយ៉ាងមុតមាំថាគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវនេះនឹងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការប្រៀបធៀបអំពីដំណើរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៨ ដែលកាលនោះ កម្ពុជានៅមិនទាន់មានផ្លូវបេតុងកៅស៊ូធ្វើដំណើរឆ្ពោះទៅកាន់បណ្ដារាជធានី-ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ផ្លូវភាគច្រើនគឺជាផ្លូវដី ប៉ុន្តែសព្វថ្ងៃនេះអាចធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដារាជធានី-ខេត្តនានានៅទូទាំងប្រទេស តាមរយៈបណ្ដាញផ្លូវដែលធ្វើអំពីបេតុងកៅស៊ូ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីក និងលើកម្រិតគុណភាពផ្លូវពីពីរគន្លងទៅបួនគន្លងនៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួន ដែលជាឆ្អឹងខ្នងសម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចដូចជា៖ ផ្លូវជាតិលេខ៥ តភ្ជាប់រាជធានីភ្នំពេញទៅកាន់ប្រទេសជិតខាងដូចជា ថៃ និងវៀតណាម និងជាផ្លូវអាស៊ានហាយវេលេខ១ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកាន់ទីរួមខេត្តកំពត និងបណ្តាញផ្លូវសំខាន់ជាច្រើនទៀត តាមរយៈការផ្តល់ ជំនួយគាំទ្រពីប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងវិនិយោគសំខាន់ៗសម្រេច បានរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមាន៖ បណ្ដាញផ្លូវ ចំនួន៣៧ខ្សែដែលទើបបានកសាង និងបញ្ចប់ជាស្ថាពរនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបជាដើម និងការរៀបចំផែនការមេភស្តុភារកម្មកម្ពុជា។

បន្ថែមពីនេះលោលទេសរដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថាគណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍគម្រោងសំខាន់ៗប្រមាណ៣៣០គម្រោង ត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដែលបានលើកឡើងនៅក្នុងផែនការមេភស្តុភារកម្ម ដើម្បីចូលរួមចំណែកក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។ បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការរៀបចំផែនការមេភស្តុភារកម្ម ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខនេះផងដែរ៕