(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ស្ពានភាសាចិន» ពិភពលោក លើកទី២១ ថ្នាក់ឧត្តមសិក្សាប្រចាំកម្ពុជា តាមប្រព័ន្ធអនឡាញ ។

កម្មវិធីនេះមានការចូលរួមជាអធិបតីពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា, លោក Liu Daozhi ប្រធានធនាគារចិន (ហុងកុង) សាខាភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន ស្ថាប័ននានា គណៈកម្មការវាយតម្លៃការប្រកួត គ្រូបង្រៀនជនជាតិចិន បេក្ខជនចូលរួមប្រកួត និងភ្ញៀវកិត្តិយសផ្សេងទៀត។

នៅក្នុងមតិស្វាគមន៍របស់នាយកភាគីកម្ពុជា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីមហាជនគ្រប់ស្រទាប់។ ការប្រព្រឹត្តទៅបានយ៉ាងរលូននៃកម្មវិធីនេះ គឺមិនអាចកាត់ផ្តាច់បានពីការយកចិត្តទុកដាក់ និងការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានឡើយ។ គិតចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានបានរៀបចំកម្មវិធី «ស្ពានភាសាចិន» ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចំនួន១៣លើករួចមកហើយ ដែលកម្មវិធីនេះ គឺជា «វេទិកា» ដ៏សំខាន់សម្រាប់បេក្ខជនប្រកួតដោយអាចបង្កើនសមត្ថភាពភាសាចិន និងអាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកបាន។

លោក Liu Daozhi ក្នុងនាមជាស្ថាប័នដែលបានជួយឧបត្ថម្ភរង្វាន់នៃកម្មវិធីនេះ បានលើកឡើងថា «យើងមានកិត្តិយសដែលបានក្លាយជាដៃគូសហការរៀបចំកម្មវិធីនេះ ហើយនេះក៏ជាការសហការរយៈពេល៣ឆ្នាំជាប់ៗគ្នាផងដែរ។ កម្មវិធី «ស្ពានភាសាចិន» នេះ បានផ្តល់ឱកាសដល់និសិ្សតទូទាំងពិភពលោកក្នុងការសិក្សាភាសាចិន។ ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ ក្តី ប៉ុន្តែវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏នៅតែអាចបន្តរៀបចំកម្មវិធី «ស្ពានភាសាចិន» បានដដែល។ ធនាគារចិន (ហុងកុង) សាខាភ្នំពេញ នឹងនៅតែបន្តជួយឧបត្ថម្ភសម្រាប់កម្មវិធីនេះ និងសង្ឃឹមថាសិស្ស-និស្សិតកម្ពុជា នៅតែបន្តសិក្សាភាសាចិន ស្វែងយល់ពីវប្បធម៌ប្រទេសចិនកាន់តែច្រើនឡើង»

លោក Chang Jian បានសម្តែងនូវការសាទរចំពោះការរៀបចំកម្មវិធីនេះដែលប្រព្រឹត្តទៅបានយ៉ាងរលូន។ យើងរីករាយនៅពេលឃើញភាសាចិន បានក្លាយជាភាសាបរទេសដែលយុវជនកម្ពុជាស្រឡាញ់ចូលចិត្ត ហើយការបង្កើតថ្នាក់ភាសាចិនតាមគ្រឹះស្ថាននានា ក៏មានការកើនឡើងដែរ។ ការបណ្តុះបណ្តាលគរុកោសល្យភាសាចិន និងការបណ្តុះបណ្តាល «ភាសាចិន+វិជ្ជាជីវៈ» បានឆ្លើយតបទៅនឹងតម្រូវការក្នុងតំបន់ និងទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។

លោកបានបញ្ជាក់ថា បើគិតចាប់ពីឆ្នាំ២០១៨មក កម្មវិធី «ស្ពានភាសាចិន» ឆ្នាំនេះ គឺមានបេក្ខជនចូលរួមប្រកួតច្រើនជាងគេ។ ស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនងជាមួយគ្រឹះស្ថានអប់រំនៅកម្ពុជា ជំរុញការអប់រំភាសាចិននៅកម្ពុជា ផ្តល់ភាពងាយស្រួលដល់ការសិក្សាភាសាចិនជូននិស្សិតកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ចិន។

លោកបណ្ឌិត យង់ ពៅ បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ធនាគារចិន (ហុងកុង) សាខាភ្នំពេញ ដែលតែងតែបន្តជួយគាំទ្ររហូតមក។

លោកបណ្ឌិតបានបន្តថា ប្រវត្តិសាស្ត្របានចារិកពីការធ្វើដំណើររួមគ្នាជាយូរឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន ដោយសម្រេចបាននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងកម្រិត «មិត្តភាពដែកថែប»។ នៅក្នុងបរិបទនៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ការអប់រំភាសាចិនកាន់តែមានសារៈសំខាន់សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ជាក់ស្តែង កម្មវិធី «ស្ពានភាសាចិន» គឺជាវេទិកាធំមួយសម្រាប់អ្នកសិក្សាភាសាចិននៅប្រទេសកម្ពុជា បញ្ចេញសមត្ថភាពភាសាចិន ហើយពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះការអប់រំភាសាចិននៅកម្ពុជា៕